(ព្រះសីហនុ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការបង្ហោះផ្សព្វផ្សាយជារូបភាព និងខ្លឹមសារក្នុងន័យញុះញង់បង្កចលាចល អសន្តិសុខ សំដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ជាមួយនឹងស្ថានភាពនេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងមូល បានចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។

កម្លាំងកងរាជអាវុធហត្ថទូទាំងខេត្ត សូមសច្ចាគោរព ភក្តីភាពចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងប្តេជ្ញាចិត្តដាច់ខាតទោះក្នុង តម្លៃណាក៏ដោយ ការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា ប្រឆាំងដាច់ខាតនឹងការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោស អនុវត្តច្បាប់ចំពោះពួកជ្រុលនិយម ពួកអគតិទាំងនោះ៕