(ភ្នំពេញ)៖ សប្បុរសជន ចំនួន ៦នាក់ ត្រូវបានគណៈកម្មាធិការនាយក ពុទ្ធិកសមាគមកម្ពុជរដ្ឋ ស្នើតែងតាំងជាទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ ដើម្បីបានចូលរួមរំណែកជួយលើកស្ទួយកិច្ចការងារ មនុស្សធម៌ អប់រំ និងផ្សព្វផ្សាយព្រះពុទ្ធសាសនាឱ្យបានទូលំទូលាយតទៅកាន់ទីកន្លែងផ្សេងៗ និងបានជាប្រយោជន៍ដល់មនុស្សជាតិទាំងមូល។
សប្បុរសជន ចំនួន ៦នាក់នោះ រួមមាន៖
* លោកជំទាវ ឆាយ ណយ ប៉ុកប៉ាន់
* លោកជំទាវ ឧកញ៉ា សេង ដាលីន
* លោកជំទាវ ឧកញ៉ា សាយ សោភា
* លោកជំទាវ ឧកញ៉ា គង់ សំណាង
* លោកជំទាវ ថេ សុខា
* មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៊ុយ ស៊ុន។
ពិធីនេះប្រារព្ធធ្វើឡើង ក្នុងពេលបើកវេទិកា សាសនាសន្តិភាពផ្លូវចិត្ត ដែលរៀបចំឡើងដោយពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅសណ្ឋាគារ ហៃយ៉ាត់ HYATT REGENCY PHMOM PENH នៅរសៀល ថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤ ក្រោមព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះសមាជិកអធិបតីកិត្តិយស នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ។
ពុទ្ធិកសមាគមកម្ពុជរដ្ឋ គឺជាសមាគមធ្វើកិច្ចការមនុស្សធម៌ បុណ្យព្រហ្មទាន ជួយដល់សមណនិស្ស សមណនិស្សិត និងអប់រំជាច្រើនទៀត តាំងពីបុរាណកាលរហូត។ សមាគមនេះ គឺជាមែកធាង របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាប់ជាសមាជិកពេញសិទ្ធ របស់ពុទ្ធិកសមាគមពិភពលោកផងដែរ៕