(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ បណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង នៃកងយោធពលខេម រភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ នៃបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បានចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។

យើខ្ញុំទាំងអស់គ្នា ឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។

យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និង សណ្ដាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។

យើងខ្ញុំទាំងអស់គ្នានឹងបង្រ្កាបនិងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនា បំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្ដី។

សូមជម្រាបថា ការចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់នេះ ធ្វើឡើងបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញនិងការអភិវឌ្ឍ៕