(ពោធិ៍សាត់)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងគ្រួសារម៉ូតូឌុប និងម៉ូតូកង់បី ទូទាំងស្រុកកណ្តៀង និងស្រុកក្រគរ នៃខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានប្រារព្ធធ្វើ នៅពីរទីតាំងផ្សេងគ្នា ដោយក្នុងស្រុកកណ្តៀង នៅស្នាក់ការគណបក្សស្រុក និងក្នុងស្រុកក្រគរ នៅស្នាក់ការគណបក្សស្រុក ដោយបានការចូលរួមពី ក្រុមការងារចុះជួយស្រុក ឃុំ និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត។
លោកបណ្ឌិត ប្រាំង ជលសា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យសង្គមជាតិ មានសុខសន្តិភាពពេញលេញ រឹងមាំ និងធានាបាននូវស្ថេរភាព សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដោយលោកបានគិតគូរយកចិត្តទុកដាក់ ដោះស្រាយសម្របសម្រួល អំពីស្ថានភាព ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ឱ្យមានភាពរុងរឿង និងសុខដុមរមនា ទាំងនៅក្នុងទីប្រជុំ ក៏ដូចនៅជនបទ។
លោកបណ្ឌិត បានបន្តថា លោក លោកស្រី ជាក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ គឺមានតួនាទី ភារកិច្ច ក្នុងបម្រើសេវាសាធារណៈនៅថ្នាក់មូលដ្ឋានរបស់ខ្លួន សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ទទួលបានការរស់នៅប្រកបដោយភាពកក់ក្តៅ និងសប្បាយរីករាយ គ្មានការថ្នាំងថ្នាក់អ្វីឡើយ។ បើផ្អែកទៅតាមស្ថានភាព នៃប្រទេសជាតិ ក្នុងដំណាក់កាលនេះ ទាំងក្រុមប្រឹក្សាស្រុក ឃុំ និងស្មៀនឃុំ ត្រូវតែកែប្រែឥរិយាបថ ពីអ្នកគ្រប់គ្រងទៅជាអ្នកបម្រើសេវាសាធារណៈ និងទាមទារបំពេញការងារ ទៅតាមតួនាទីភារកិច្ច ត្រូវមានការយល់ដឹងខ្ពស់ និងដើរឱ្យស្របទៅតាមគោលការណ៍ច្បាប់ និងឆ្លើយតបទាន់ពេលវេលា ទៅតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព។
លោកបណ្ឌិត ប្រាំង ជលសា បន្តទៀតថា ដោយឡែកចំពោះបងប្អូនដែលជាគ្រួសារម៉ូតូឌុប និងម៉ូតូកង់បី ទូទាំងកណ្តៀង ទូទាំងស្រុកក្រគរ ក៏ដូចទូទាំងខេត្ត ដែលបានចាប់យកមុខរបរនេះ គឺជាមុខរបរមួយដែលសុច្ចរិត ក្នុងការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។ តែទោះជាយ៉ាងនេះក្តី លោកក៏សូមឱ្យបងប្អូនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ឱ្យបានគ្រប់ៗគ្នា អំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកន្លងមកនេះ តែងតែកើតមានជាញឹកញាប់ បណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស ក្លាយខ្លួនជាជនពិការ ខូចខាត និងបាត់បង់ទ្រព្យសម្បត្តិជាដើម។
លោក បណ្ដិត ប្រាំង ជលសា ក៏បានក្រើនរំលឹកថា ថ្មីៗនេះយើងមានព្រឹត្តការណ៍ប្រវត្តិសាស្ត្រ ដែលប្រមុខរាជរដ្ឋាភិបាល បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស មិនថាគណបក្សប្រឆាំងក្តី។ នេះជាមោទនភាពមួយ ដែលកម្ពុជាអាចធ្វើបាន ។
ដោយឡែកនៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ រួមសហការជាមួយរដ្ឋបាលខេត្ត បានដាំកូនឈើចម្រុះ ជាង៥ម៉ឺនដើម នៅចំណុចផ្លូវអន្ទង់អាំង (ភ្នំ១៥០០) ក្នុងគោលបំណងស្តារ និងអភិរក្សធនធានព្រៃឈើនៅទីនោះឡើងវិញ និងដើម្បីប្រែក្លាយតំបន់នោះ ទៅជារមណីដ្ឋានធម្មជាតិបៃតង សម្រាប់ភ្ញៀវជាតិ អន្តរជាតិ ទៅលេងកំសាន្ត។ ក្នុងនាមយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋស្រុកកណ្តៀង ស្រុកក្រគរ ក៏ដូចទូទាំងខេត្ត បានប្តេជ្ញាចិត្តចូលរួមគាំទ្រ អភិរក្សផ្លូវអន្ទង់អាំង សម្រាប់កូនចៅជំនាន់ក្រោយៗ មិនឱ្យជនណាក់ទៅរំលោភបំពានបានទៀតឡើយ។
សូមជម្រាបជូនថា ក្រុមការងារគណបក្សប្រជាជន តាមបណ្តាឃុំ ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង បានរៀបចំដើមឈើ និងកូនឈើហូបផ្លែចម្រុះជាហូរហែរ ជាក់ស្តែងដូចជា៣សប្តាហ៍ចុងក្រោយនេះ ក្រុមការងារបានចែកជូនដើមឈើ កូនឈើហូបផ្លែ និងដាំជំហ៊ាន១ បានជាច្រើនពាន់ដើមរួមមាន៖
១៖ នៅឃុំស្យា ដើមឈើ និងកូនឈើហូបផ្លែចម្រុះ ១,៥២០ដើម។
២៖ នៅឃុំឈើតុំ ដើមឈើ និងកូនឈើហូបផ្លែចម្រុះ ១,០៧៦ដើម។
៣៖ នៅឃុំស្រែស្តុក ដើមឈើ និងកូនឈើហូបផ្លែចម្រុះ ១៧៨ដើម។
៤៖ នៅឃុំរាំងទិល ដើមឈើ និងកូនឈើហូបផ្លែចម្រុះ ១០៣ដើម។
៥៖ នៅឃុំស្វាយលួង ដើមឈើ និងកូនឈើហូបផ្លែចម្រុះ ៣០០ដើម៕