(ព្រះវិហារ)៖ ជនសង្ស័យចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឃាត់ខ្លួនបានជាបន្តបន្ទាប់ តាមហាងខារ៉ាអូខេ និងទីតាំងមួយចំនួនទៀត នៅស្រុកសង្គមថ្មី និងស្រុកគូលែន ខេត្តព្រះវិហារ ជាមួយនឹងការដកហូតបានវត្ថុតាង ថ្នាំញៀន ដាវ កាំបិតស្នៀត និងសម្ភារមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលចជាតិ និងការណែនាំយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានធ្វើការចុះស្រាវជ្រាវបង្ក្រាប ករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន តាំងពីចុងខែកក្កដារហូតមកដល់ពេលនេះ ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ និងវត្ថុតាងគ្រឿងញៀន និងសម្ភារមួយចំនួនទៀត។
ឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន បានថ្លែងឲ្យដឹងទៀតថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ ធ្វើឡើងដោយការសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ និងមានការសហការពីអធិការដ្ឋាននគរបាលស្រុកសង្គមថ្មី និងស្រុកគូលែន ដោយយើងធ្វើការបង្ក្រាបចំនួន០៥ទីតាំងដូចខាងក្រោម៖
១៖ នៅទីតាំងវត្តរអាងថ្មបីដុំ លើខ្នងភ្នំត្បែង ស្ថិតក្នុងភូមិក្ដី ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
២៖ នៅទីតាំងចអូររោលពស់ ស្ថិតក្នុងភូមិបរិបូរ៍ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។
៣៖ ទីតាំងខារ៉ាអូខេមានយីហោឈ្មោះ ម៉ាក់ ធារ៉ា KTV ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
៤៖ ទីតាំងខារ៉ាអូខេមានយីហោ ម៉ែ ស្ថិតក្នុងភូភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
៥៖ ទីតាំងត្រពាំងត្រាច ភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។
លោកស្នងការរង បានថ្លែងបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការបង្រ្កាប៥ទីតាំងខាងលើសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន១២នាក់ ស្រី០៣នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE)ចំនួន១០កញ្ចប់ទម្ងន់ ៣,៤ក្រាម ម៉ូតូចំនួន ០៣គ្រឿង ទូរស័ព្ទចំនួន១៤គ្រឿង ដាវស្នៀតចំនួន០២ដើម សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនកាំបិតស្នៀត ចំនួន០១ ដើម៕