(កណ្ដាល)៖ គណៈបញ្ជាការឯកភាពស្រុកខ្សាច់កណ្ដាល ដឹកនាំដោយលោកលីម ស៊ីលាង អភិបាលរងស្រុក តំណាងលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំកម្លាំងគណៈបញ្ជាការ ឯកភាពស្រុក បានចុះបង្ក្រាបក្រុមក្មេងទំនើងប្រមូលផ្តុំគ្នាជក់បារីអេឡិចត្រូនិចចំនួន៥២នាក់ ក្នុងនោះ ស្រី២១នាក់នៅអាហារដ្ឋាន ប៉ីប៉ី នៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ការចុះឃាត់ខ្លួនយកទៅអប់រំនេះ បានធ្វើឡើងរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។
បើតាមលោកលីម ស៊ីលៀង បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះថា ក្រោយឃាត់ខ្លួន កម្លាំងអធិការដ្ឋាននគរបាលស្រុក បានធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផលធ្វើតេស្តទឹកនោមគឺ អវិជ្ជមាន (-) ទាំង ៥២នាក់ និងធ្វើកិច្ចសន្យាអប់រំ ចំពោះក្រុមក្មេងទំនើង និងម្ចាស់អាហារដ្ឋាន ដូចខាងក្រោម៖
* ណែនាំឲ្យស្តាប់តាមការណែនាំរបស់អាជ្ញាធរស្រុក
* សន្យាមិនឲ្យក្មេងទំនើង កូនសិស្សសាលាមកប្រមូលផ្តុំគ្នានៅផ្ទះ ធ្វើសកម្មភាព ជក់បារីអេឡិចត្រូនិច លេងល្បែងស៊ីសងគ្រប់ប្រភេទទៀតទេ
* សន្យាមិនផ្តល់ទីតាំង និងផ្តល់ព័ត៌មានជូនសមត្ថកិច្ចគ្រប់បទល្មើស
បន្ទាប់ពីបានធ្វើការណែនាំធ្វើកិច្ចសន្យា អប់រំ ព្រមទាំង បានឲ្យអាណាព្យាបាលមកធ្វើការធានាចំពោះក្មេងទំនើងទាំងអស់ឲ្យទទួលយកត្រឡប់ទៅផ្ទះវិញ។
លោកបញ្ជាក់ទៀតថា អាជ្ញាធរស្រុលនឹងនៅតែបន្តតាមដាន និងអនុវត្តន៍តាមបញ្ជាលោកអៈបាលខេត្តឲ្យបានខ្ចួបខ្ចួនដូចភ្លៀមរលឹម ពោលគឺបោសសំអាតរាល់សកម្មភាពអវិជ្ជមាននៅមូលដ្ឋានឲ្យអស់ មិនឲ្យមានបញ្ហាកើតឡើងឡើយ។
បើសិនជាមានករណីរឹងទទឹង មិនស្ដាប់បង្គាប់ មិនថាក្មេងទំនើង ឬម្ចាស់ទីតាំងណាទេ គឺអនុវត្តន៍ដោយគ្មានការយោគយល់៕