(ភ្នំពេញ)៖ ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព, លោកជំទាវ លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុនជីបម៉ុងគ្រុប, លោកជំទាវ ឧកញ៉ា សេងវួចលាង និងលោកជំទាវ ហូ សារ៉េត លីវម៉ូវ ត្រូវបានគណៈកម្មាធិការនាយក ពុទ្ធិកសមាគមកម្ពុជរដ្ឋ ស្នើតែងតាំងជាឧត្តមទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ ដើម្បីបានចូលរួមរំណែកជួយលើកស្ទួយកិច្ចការងារ មនុស្សធម៍ អប់រំ និងផ្សព្វផ្សាយព្រះពុទ្ធសាសនាឱ្យបានទូលំទូលាយតទៅកាន់ទីកន្លែងផ្សេងៗ និងបានជាប្រយោជន៍ដល់មនុស្សជាតិទាំងមូល។
ពិធីនេះប្រារព្ធធ្វើឡើង ក្នុងពេលបើកវេទិកា សាសនាសន្តិភាពផ្លូវចិត្ត ដែលរៀបចំឡើងដោយពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅសណ្ឋាគារ ហៃយ៉ាត់ HYATT REGENCY PHMOM PENH នៅរសៀល ថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤ ក្រោមព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះសមាជិកអធិបតីកិត្តិយស នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ។
ពុទ្ធិកសមាគមកម្ពុជរដ្ឋ គឺជាសមាគមធ្វើកិច្ចការមនុស្សធម៌ បុណ្យព្រហ្មទាន ជួយដល់សមណនិស្ស សមណនិស្សិត និងអប់រំជាច្រើនទៀត តាំងពីបុរាណកាលរហូត។ សមគមនេះគឺជាមែកធាង របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាប់ជាសមាជិកពេញសិទ្ធ របស់ពុទ្ធិកសមាគមពិភពលោកផងដែរ៕