(កំពង់ធំ)៖ មន្ទីរអប់រំ យុវជន និងកិឡា ខេត្តកំពង់ធំ បានរៀបចំកម្មវិធីជជែកដេញដោល ថ្នាក់ខេត្តក្រោមប្រធាន បទ «នវានុវត្តន៍ផ្នែកឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ក្រោមវត្តមានលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅសាលាគរុកោសល្យ និងវិក្រឹត្យការ ខេត្តកំពង់ធំ។

លោក អ៊ឹម វណ្ណី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានលើកឡើងថា កម្មវិធីនេះ ជាកម្មវិធីមួយ ក្នុងគោលបំណងលើកកំពស់ដល់យុវជន ទាំងអស់ទទួលបាននូវភាពកក់ក្តៅ ព្រមទាំង មានទំនុកចិត្ត យ៉ាងមុតមាំ ចំពោះការខិតខំប្រតិបត្តិក្នុងភាពជាដៃគូរបស់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់ និងជាធនធានគន្លឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ហើយក៏ជាការរំលឹក ខួបលើកទី២៥ ទិវាអន្តជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៤។

លោកបានបន្ថែមទៀតថា ការអភិវឌ្ឍជាតិមានទំនាក់ទំនងយ៉ាងសំខាន់ ជាមួយនឹងការអភិវឌ្ឍយុវជន ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងអក្ខរកម្មឌីជីថល។ ការបំពាក់ជំនាញសតវត្សរ៍ទី ២១ និងជំនាញឌីជីថលអនុញ្ញាត ឲ្យយុវជនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ឱកាស ទីផ្សារការងារ មុខរបរ និងការដឹកនាំ ទាំងពេលបច្ចុប្បន្ន និងអនាគត។

លោកបន្តថាការជជែកដេញដោលដោយផ្តោតលើចំនុចសំខាន់ៗចំនួន៤៖
១៖ ការមិនគោរពច្បាប់ចរាចរណ៍គឺជាកត្តាចម្បងដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍
២៖ យុវជនដើរតួនាទីចម្បងក្នុងការកាត់បន្ថយបញ្ហាប្រឈមពីការផឹកគ្រឿងស្រវឹង
៣៖ ទម្លាប់អំណានគឺជាកត្តាចម្បងដែលនាំឲ្យការសិក្សាទទួលបានជោគជ័យ
៤៖ បណ្ដាញទំនាក់ទំនងសង្គមគឺជាឃ្លាំងចំណេះដឹងយ៉ាងសំខាន់សម្រាប់យុវជន

លោក ជា វ៉ាន់ចាន់ បានថ្លែងថា យុវជនជាសសរទ្រូងរបស់ប្រទេសជាតិនៅថ្ងៃអនាគត យុវជនជាកម្លាំងបន្តវេនប្រកបដោយសក្ដានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងយុវជនជាអ្នកថែរក្សាការពារ រាល់សមិទ្ធផលសង្គមជាតិ។ សមត្ថភាព ការច្នៃប្រឌិត ការចូលរួម និងភាពរឹងមាំរបស់យុវជនកម្ពុជា តំណាងឱ្យអនាគតដ៏រុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា។

លោកថា ជាការពិតណាស់ប្រទេសជាតិយើងសព្វថ្ងៃ គឺមានសន្ដិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានភាពស៊ីចង្វាក់ ផ្នែក ទាំងចំណេះដឹង ចំណេះធ្វើ សុខុមាលភាព  កាយសម្បទា សីលធម៌ និងការរស់នៅថ្លៃថ្នូរ ចៀសផុតពីអំពើអបាយមុខ អសីលធម៌ និងអំពើហិង្សាផ្សេងៗ។

លោកបានរំលេចឡើងនូវគោលបំណងសំខាន់ៗ៨ចំនុចក្នុងកម្មវិធីជជែកដេញដោលនេះ ៖

* បណ្តុះបណ្តាលយុវជនខេត្តកំពង់ធំ ឱ្យក្លាយជាពលរដ្ឋសកល
* បណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់នូវវប្បធម៌សន្ទនាតាមរយៈការជជែកដេញដោល។
* បណ្តុះសមត្ថភាពយុវជនក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលពួកគេជួបប្រទះតាមរយៈការសន្ទនា។
* កសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហាន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ប្រកបដោយភាពឈ្លាសវៃក្នុងការបញ្ចេញមតិដើម្បីទទួលបាននូវផ្លែផ្កាជាវិជ្ជមានជូនសង្គម។
* ពង្រឹងជំនាញនៃការត្រិះរិះពិចារណា ការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិត ការទាក់ទាញការគាំទ្រ ជំនាញក្នុងការនិយាយសាធារណៈជាដើម។
* ផ្ដល់ឱកាសឱ្យយុវជន ពិចារណា បញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈក្នុងការជជែកដេញដោលក្នុងសមរភូមិ គំនិតនៃសង្គមពុទ្ធិ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា។
* បង្កើនបណ្តាញទំនាក់ទំនង ភាពស្និតស្នាល ល្អរវាងយុវជននិងយុវជន ដើម្បី ផ្លាស់ប្ដូរបទពិសោធគ្នាក្នុងតម្លៃជាមិត្តភាព។
* ពង្រីកធនធានយុវជន ដើម្បីអាចអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សសម្រាប់ ជាតិកម្ពុជា។

លើសពីនេះកម្មវិធីជជែកដេញដោលនេះនឹងនាំមកនូវជោគជ័យមួយចំនួនដូចជា៖
* ពន្លកយុវជន យុវនារីខ្មែរមានភាពក្លាហានក្នុងការគិត និងបញ្ចេញមតិប្រកប ដោយក្រមសីលធម៌ និងចំណេះដឹងពិតប្រាកដ។
* យុវជន និងយុវនារីបន្តវេននឹងមានសមត្ថភាពក្នុងការជជែកដេញដោលដោយ សន្តិសហវិជ្ជមាន។
* ថ្នាលយុវជន និងយុវនារីយើងកាន់តែរឹងមាំ មានភាពចាស់ទុំនៃគំនិត ចេះគិត ហ្មត់ចត់។
* យុវជន និងយុវនារីដែលជាគ្រាប់ពូជនៃសង្គមជាតិ នឹងខំអភិវឌ្ឍខ្លួនឱ្យក្លាយជា ធនធានបញ្ញវន្តជាតិ។
* យុវជន និងយុវនារីជំនាន់ថ្មី នឹងនាំមកនូវគំនិតល្អៗដើម្បីចូលរួមអភិវឌ្ឍជាតិ ទាំងអស់គ្នា។
* យុវជន និងយុវនារីសម័យឌីជីថល នឹងបង្កើតបាននូវទំនាក់ទំនងល្អក្នុងសង្គម មានសាមគ្គីភាព និងអាច ប្រកួតប្រជែងជាមួយយុវជន យុវនារីក្នុងតំបន់និង សាកលលោកក្នុងពេលអនាគត ។

សូមបញ្ជាក់ថា ការប្រកួតនេះ មាន៨ក្រុមដោយយកតែ៤ក្រុម ហើយក្រុមនីមួយៗចាប់វិញ្ញាសាថ្មីមួយសម្រាប់ត្រៀមត្រកួតនៅវគ្គបន្ទាប់៖

១៖ វិទ្យាល័យទួលក្បិល ប្រកួតជាមួយវិទ្យាល័យហ៊ុនសែនត្បែង ជ័យជំនះបានទៅលើ វិទ្យាល័យទួលក្បិល
២៖ ក្រុមសសយកខេត្ត ប្រកួតជាមួយ វវិទ្យាល័យហ៊ុនសែនបល្ល័ង្គ ជ័យជំនះបានទៅលើ ក្រុមសសយកខេត្ត
៣៖ វិទ្យាល័យជាស៊ីមប្រឡាយ ប្រកួតជាមួយ វិទ្យាល័យហ៊ុនសែនរុងរឿង ជ័យជំនះបានទៅលើវិទ្យាល័យជាស៊ីមប្រឡាយ
៤៖ វិទ្យាល័យទ្រាល ប្រកួតជាមួយសាលារៀន សុវណ្ណភូមិ ជ័យជំនះបានទៅលើវិទ្យាល័យទ្រៀល៕