(កំពង់ឆ្នាំង)៖ ផ្លូវក្រាលកៅស៊ូ និងចាក់បេតុង១ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ ដែលជាថវិការបស់រាជរដ្ឋាភិបាល និងធនាគារពិភពលោក ត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរ នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងពេលឆាប់ៗខាងមុខនេះ។
ផ្លូវក្រាលកៅស៊ូ និងចាក់បេតុង១ខ្សែ ដែលមានប្រវែងជាង១០គីឡូម៉ែត្រនេះ ត្រូវបានស្ថាបនាចេញពីផ្លូវក្រោលកៅស៊ូ ចំណុចមុខសាលាឃុំគោកបន្ទាយ ក្នុងស្រុករលាប្អៀរ តភ្ជាប់ទៅកាន់ភូមិកងមាស ក្នុងឃុំគោកបន្ទាយ។ ផ្លូវមួយខ្សែនេះ ក្នុងគម្រោងនឹងត្រូវស្ថាបនាឲ្យបានរួចរាល់ក្នុងអំឡុងខែសីហា ឬខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។
លោក យឹម យ៉ុន មេឃុំគោកបន្ទាយ បានឲ្យដឹងថា ផ្លូវប្រវែង១២គីឡូ និង៣០០ម៉ែត្រនេះ គឺក្នុងគម្រោងក្រាលកៅស៊ូមានប្រវែងជាង១០គីឡូម៉ែត្រ និងចាក់បេតុងប្រវែង២គីឡូ និង៧០ម៉ែត្រ ដែលជាគម្រោងថវិការបស់រាជរដ្ឋាភិបាល និងធនាគារពិភពលោក។
លោកបញ្ជាក់ទៀតថា រយៈពេលនៃការស្ថាបនា គឺឲ្យរួចរាល់នៅក្នុងអំឡុងខែសីហា ឬខែកញ្ញាខាងមុខនេះ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
តាំងនាមលោកតំណាងឲ្យប្រជាពលរដ្ឋ ក្នុងឃុំគោកបន្ទាយទាំងមូល ក៏ដូចជាប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវនេះទាំងអស់ សូមគោរពថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំខេត្ត និង ថ្នាក់ដឹកនាំក្រសួងមន្ទីរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងរួមចំណែកក្នុងការជួយស្ថាបនាផ្លូវក្រាលកៅស៊ូ និងចាក់បេតុងមួយខ្សែនេះ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ៕