(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ច្រិញ តឿ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាមេការមើលការខុសត្រូវ នៅបុរីអេសឡឺបាឡង់ឡែន ដែលមានទីតាំងស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានប្តឹងចោទប្រកាន់ ទៅលើឈ្មោះ អឿន ណាត ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ ឡុង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធពីករណី លួច (ខ្សែភ្លើង) ប្រព្រឹត្តកាលពីវេលាម៉ោង២០ និង២០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ។
ក្រោយពីបានទទួលបណ្ដឹងរបស់ជនរងគ្រោះខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសីរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អឿន ណាត ភេទប្រុស អាយុ២៧ឆ្នាំ ហើយដកហូតវត្ថុតាងខ្សែភ្លើងចំនួន១ដុំ ប្រវែង២២.៥ម៉ែត្រ ចំណែកឈ្មោះ ឡុង បានគេចខ្លួន ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (+)។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននឹងបក្ខពួក ពិតជាបានធ្វើសកម្មភាពចូលលួចកាត់ខ្សែភ្លើង និងទុយោស្ព័នម៉ាស៊ីនត្រជាក់ នៅក្នុងបុរីខាងលើពិតប្រាកដមែន ដោយបានលួចចំនួន០៥លើកមកហើយ ដើម្បីលក់យកលុយចែកគ្នា ទិញគ្រឿងញៀនមកប្រើប្រាស់។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត៕