(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ធ្វើពិធីក្រុងពាលីសាងសង់មហាកុដិ ចេតិយ និងដាំដើមឈើជាច្រើនដើម នៅក្នុងបរិវេណវត្តគីរីជលសារ ដែលនឹងសាងសង់រួចរាល់ជាស្ថាពរនាពេលខាងមុខនេះ។
ពិធីនេះ ប្រព្រឹត្តធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីតំណាងរាស្ត្រខេត្ត រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ លោកលោកស្រីមន្រ្តីសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកឧកញ៉ា ព្រះសង្ឃ និងប្រជាពលរដ្ឋចំណុះជើងវត្តស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ពិធីក្រុងពាលីសាងសង់មហាកុដិនេះបានរៀបចំតាមបៀបប្រពៃណីសាសនា កុដិនេះ មានបណ្តោយ ១៩.៦ម៉ែត្រ ទទឹង ១៥.៥០ម៉ែត្រ ជាន់ផ្ទាល់ដីមានទំហំ ២៨០មែត្រការ៉េ មានបន្ទប់គេងធំចំនួន៣ បន្ទប់ទឹកចំនួន២ បន្ទប់សាធារណៈចំនួន១ ឃ្លាំងចំនួន១ ជណ្តើរ លំហរខាងក្នុងអគារ រានហាលខាងមុខអគារ និងចាក់ប្លង់សេ ៤សន្លឹក ។
ក្នុងឱកាសនោះប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត បានដឹកនាំរួមគ្នាដាំដើមធ្នង់ចំនួន ៥០០ដើម និងក្រោងដាំដើមគគីចំនួន១៥០០ដើមបន្ថែមទៀតនៅក្នុងបរិវេណវត្តគីរីជលសារកោះរ៉ុង។
លោក ម៉ាង ស៊ីណេត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃចូលរួមថែរក្សាដើមឈើទាំងនេះ ឲ្យបានគង់វង្ស ព្រោះការដាំដុះដើមឈើនេះ ដើម្បីប្រើក្លាយទីធ្លាវត្តគីរីជលសារ ភូមិព្រែកស្វាយ ជាតំបន់អេកូទេសចរណ៍ធម្មជាតិទាក់ទាញ ក្លាយជាចំការធ្នង់ ចំការគគីរសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ ពិសេសទេសចរ (អ៉ឺរ៉ុប) មកលេងកម្សាន្តតំបន់កោះកាន់តែច្រើន បង្កើនជីវភាពអ្នកកោះកាន់តែល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ។
លោកថា ដោយសារតែកន្លងមកប្រជាពលរដ្ឋនៅតំបន់កោះពួកគាត់ភាគច្រើនប្រកបមុខរបរនេសាទ ក៏ប៉ុន្តែមកដល់បច្ចុប្បន្នពួកគាត់ងាកមកប្រកបមុខរបរបំរើឱ្យវិស័យទេសចរណ៍វិញ ធ្វើឱ្យជីវភាពគ្រួសាររបស់ពួកគាត់កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ នេះដោយសារតែកត្តាសុខសន្តិភាព ទើបប្រជាពលរដ្ឋមានសិទ្ធសេរីភាពក្នុងការប្រកបអាជីវកម្មរបស់ខ្លួនកាន់តែល្អប្រសើរជាបន្តបន្ទាប់។
អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុងកោះរ៉ុង ពិសេសកងកម្លាំងនគរបាល និងអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពសាធារណជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ ពិសេសភ្ញៀវទេសចរអន្តរជាតិ ដោយធ្វើយ៉ាងណាឲ្យពួកគេមានអារម្មណ៍ថា តំបន់កោះ នៃខេត្តព្រះសីហនុ មានសុខសុវត្ថិភាពទាំងពេលយប់ ពេលថ្ងៃ។
លោកបន្ដថា នៅពេលដែលពួកគេមកលេងកម្សាន្តទីនេះម្តងហើយ និងផ្សព្វផ្សាយទៅកាន់មិត្តភក្រ្កឱ្យមកលេងកម្សាន្តតំបន់កោះបន្ថែមទៀត យើងគួរតែគប្បីមានការទទួលស្វាគមន៍ភ្ញៀវទេសចរ ដោយទឹកមុខរួសរាយ រាក់ទាក់ និងជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាជូនភ្ញៀវទេសចរឱ្យបានកាន់តែលឿនឆាប់ ដែលជាចំណុចសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់កោះ នៃខេត្តព្រះសីហនុកាន់តែរីកចម្រើននាពេលអនាគត៕