(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញលើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី សហគ្រិនភាព ភាពជាអ្នកដឹកនាំ និងការចាប់យកអត្ថប្រយោជន៍ពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យបានកម្រិតអតិបរិមា សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។
ការជំរុញនេះធ្វើឡើងឱកាសលោកអញ្ជើញបើកវេទិកាយុវជន-បញ្ញវន្តមូស្លីម២១ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការរៀបចំវេទិកាយុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំដោយសមាគមសហភាពបញ្ញវន្តមុស្លីមកម្ពុជា សហការជាមួយសមាគមគ្រូបង្រៀនខ្មែរឥស្លាម ដោយមានអ្នកចូលរួមចំនួន១៦០០នាក់ ដែលជាថ្នាក់ដឹកនាំឥស្លាមគ្រប់លំដាប់ថ្នាក់ គ្រូបង្រៀន ថ្នាក់ដឹកនាំយុវជន បញ្ញវន្ត និស្សិត សិស្ស ថ្នាក់ដឹកនាំអង្គការ សមាគម និងតំណាងថ្នាក់ដឹកនាំក្រុមហ៊ុន សហគ្រាសឯកជនជាដើម។
នាឱកាសនោះ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការរៀបចំវេទិកាយុវជន-បញ្ញវន្តមុស្លីម ២១ ឆ្នាំ២០២៤ បានបញ្ជាក់ថា វេទិកាខាងលើមានគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងព័ត៌មានពីគ្នាទៅវិញទៅមក កាត់បន្ថយគម្លាត បង្កើនភាតរភាព ទំនាក់ទំនងល្អរវាងយុវជននិងបញ្ញវន្ត និងអភិវឌ្ឍសមត្ថភាព និងពង្រឹងបំណិនសតវត្សទី២១ ដល់យុវជន បញ្ញវន្ត ពិសេសបំណិនទន់ និងបច្ចេកវិទ្យាឌីជីថល។
លោករដ្ឋលេខាធិការបានបន្តថា វេទិកាយុវជន-បញ្ញវន្តមូស្លីម២១ ឆ្នាំ២០២៤ ត្រូវបានចាត់ទុកជាវេទិកា «ចែករំលែក និងរៀនសូត្រ» ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព និងឳកាសនៃការសិក្សាពេញមួយជីវិតយ៉ាងសំខាន់ ដែលមានគោលបំណងសំខាន់ៗមួយចំនួនគឺ៖ ទី១) ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងព័ត៌មានពីគ្នាទៅវិញទៅមក ទី២) កាត់បន្ថយគម្លាត បង្កើនភាតរភាព ទំនាក់ទំនងល្អរវាងយុវជននិងបញ្ញវន្ត និងទី៣) អភិវឌ្ឍសមត្ថភាព និងពង្រឹងបំណិនសតវត្សរ៍ទី២១ ដល់យុវជន បញ្ញវន្ត ពិសេសបំណិនទន់ និងបច្ចេកវិទ្យាឌីជីថល ជាពិសេសតាមរយៈវេទិកានេះបានបង្កើតឡើងនូវនិមិត្តរូបនៃការចូលរួមពីគ្រប់មជ្ឈដ្ឋាន មានទាំងថ្នាក់ដឹកនាំ វិស័យឯកជន អង្គការ សមាគម ដៃគូអភិវឌ្ឍ សមាជិក សមាជិកា នៃអង្គវេទិកា តាមលទ្ធភាពជាក់ស្តែង ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺភាពជាដៃគូនៃរដ្ឋ និងឯកជន(PPP) ដើម្បីលើកកម្ពស់វិស័យអប់រំ។
ជាមួយគ្នានោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំវេទិកា និងក្រុមការងារពាក់ព័ន្ធ ដែលបានផ្តួចផ្តើមគំនិតរៀបចំវេទិកា «យុវជន-បញ្ញវន្តមុស្លិម២១ ឆ្នាំ២០២៤» នេះឡើង ក្នុងការផ្តល់ឱកាសដល់យុវជនទាំងអស់អាចសិក្សាស្វែងយល់ពីចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗពីវាគ្មិនកិត្តិយសជាច្រើនរូប និងបង្កឱកាសជួបជុំបង្កើនចំណងសាមគ្គីភាពរវាងយុវជនបញ្ញវន្តមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ជាមួយថ្នាក់ដឹកនាំ។
លោកបណ្ឌិតសភាចារ្យជឿជាក់ថា វេទិកាខាងលើនឹងជំរុញលើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី សហគ្រិនភាព ភាពជាអ្នកដឹកនាំ និងការចាប់យកអត្ថប្រយោជន៍ពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យបានកម្រិតអតិបរិមា សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើង។
សូមបញ្ជាក់ថា វេទិកាយុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤ ខាងលើ មានវេទិកាពិភាក្សាចំនួន២៖ ទី១ បំណិនសតវត្សរ៍ទី២១ ដោយមានបទអនាគមន៍ មានដូចជាសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត (AI) ភាពជាអ្នកដឹកនាំសតវត្សទី២១ សហគ្រិនភាពសតវត្សទី២១ ការអភិវឌ្ឍភាពជាសហគ្រិនតាមរយសេដ្ឋកិច្ចហាឡាល និងបំណិនសតវត្សទី២១ សម្រាប់យុវជនមុស្លីម។ ចំណែកវេទិកាពិភាក្សាទី២ ទាក់ទងនឹងតួនាទីយុវជនសតវត្ស២១ ដោយមានបទអន្តរាគមន៍ ដូចជា ការអភិវឌ្ឍយុវជនមុស្លីមក្នុងយុគសម័យឌីជីថលបទពិសោធន៍នៃប្រទេសម៉ាឡេស៊ី យុវជនសតវត្សទី២១ សុខភាពក្នុងបរិបទឌីជីថល និងភាពជាពលរដ្ឋសកល៕