(ភ្នំពេញ)៖ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនេះ កងរាជអាវុធហត្ថ បានតាមដានដោយយកចិត្តទុកដាក់ពាក់ព័ន្ធនឹងព័ត៌មានដែលបានបង្ហោះផ្សព្វផ្សាយថា «អាងខ្លួនប៉េអឹមក្រុង ដើរបើកល្បែងស៊ីសងខុសច្បាប់ (ឡូតូ) ត្រូវកម្លាំងខណ្ឌកំបូលឃាត់ខ្លួនទាំង២នាក់»។
យោងតាមការផ្ទៀងផ្ទាត់ របស់ជំនាញការិយាល័យបុគ្គលិក ស្នងការដ្ឋានកសាងកម្លាំងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា បុគ្គលឈ្មោះ ហួន ឌីម៉ូវ ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ ម៉ម សោភា ភេទស្រី អាយុ២៩ឆ្នាំ មិនមានឈ្មោះស្ថិតនៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថទេ។
ដំណើររឿងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ១៥៖០០នាទី កម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោក គង់ ចាន់សុភារី ជាអភិបាលរងខណ្ឌកំបូល បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ឡូតូ) នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធ នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីសាកសួរ។
បុគ្គលឈ្មោះ ហួន ឌីម៉ូវ ភេទប្រុស អាយុ៣៤ឆ្នាំ បានផ្តល់ចម្លើយដល់មន្ត្រីនគរបាលថា មានមុខរបរជាកងរាជអាវុធហត្ថ ប៉ុន្តែបុគ្គលរូបនេះមិនមានឯកសារណាមួយបញ្ជាក់នោះទេ៕