(ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនសម្ដេចប្រធានរដ្ឋសភា ថា លោកជំទាវអ្នកឧកញ៉ា ពិតជាមានឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងលើឆាកជាតិ និងអន្តរជាតិ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក៏បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ដែលជាស្ត្រីពោរពេញដោយសមត្ថភាព មានភាពលេចធ្លោរខ្លាំងទាំងក្នុងឆាកនយោបាយ និងកិច្ចការសង្គម គឺជាធនធានមនុស្សដ៏កម្របំផុតរបស់កម្ពុជា ពិសេស ជានិមិត្តរូបរបស់ស្ត្រីកម្ពុជា។ សម្តេចបានកសាងសមិទ្ធផល និងស្នាដៃដ៏ត្រចះត្រចង់ជាច្រើនទសវត្សរ៍ក្នុងស្ថាប័ននីតិប្បញ្ញត្តិ រហូតត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យក្លាយជាប្រធានរដ្ឋសភា សម្រាប់នីតិកាលទី៧នេះ និងជាស្រ្តីដំបូងគេក្នុងប្រវត្តិសាស្ត្រថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននីតិប្បញ្ញត្តិមួយនេះ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចមហារដ្ឋសភាធិការធិបតី បានធ្វើការកោតសរសើរចំពោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ថា ពិតជាស័ក្តិសមបំផុតក្នុងតំណែងជាប្រធានសមាគមសិល្បករខ្មែរ។ ជាមួយគ្នានោះ សម្តេចរដ្ឋសភាធិការធិបតី ក៏បានផ្តល់អនុសាសន៍ចំនួន ៧ចំនុចសំខាន់ៗជូនដល់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ដើម្បីលើកកម្ពស់ និងអភិរក្សសិល្បៈវប្បធម៌ផងដែរ។

ដើម្បីជាការលើកទឹកចិត្តនៅក្នុងដំណើរការសមាគមសិល្បករខ្មែរ ឱ្យកាន់តែរលូន និងល្អប្រសើរថែមទៀត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏បានឧបត្តម្ភជាថវិកាចំនួន ២០,០០០,០០០រៀល ជូនដល់សមាគមសិល្បករខ្មែរផងដែរ៕