(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមួយចំនួនធំដល់គ្រួសារមានកូនភ្លោះ៣ ដែលជាគ្រួសារទី៤១៥ ដើម្បីជួយសម្រាលការលំបាក។
អំណោយដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភនេះ រួមមានថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ អំណោយនេះ ត្រូវបានលោក សេង ទៀង និងលោកស្រី នាំយកទៅប្រគល់ ជូនដល់ដៃគ្រួសារកូនភ្លោះបីគ្រួសារទី៤១៥ នៅថ្ងៃទី១០ខែសីហា ឆ្នាំ២០២៤ ដល់លំនៅដ្ឋានគ្រួសារកំពុងសម្រាកថែទាំសុខភាពទារកនៅផ្ទះឪពុកម្តាយធំ រស់នៅភូមិត្រពាំងកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទារកភ្លោះទាំងបីដែលទទួលអំណោបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកទី៣ ក្នុងគ្រួសារមានឪពុកឈ្មោះ កែវ រស្មី អាយុ ៣២ឆ្នាំ ម្តាយឈ្មោះ រ៉ន ស្រីរ័ត្ន អាយុ ២៧ឆ្នាំ អ្នកទាំងពីរមានមុខរបរជាកសិករធ្វើស្រែ ចម្ការ រស់នៅភូមិគីឡូក្រូច ឃុំទ្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ទារកភ្លោះទាំងបីនាក់នេះ បានកើតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរព្រះអង្គឌូង រាជធានីភ្នំពេញ។ ដោយសាស្ថានភាពសុខភាពរបស់ទារកមិនទាន់មានភាពល្អប្រសើរ ទារកទាំងបីស្ថិតក្នុងការតាមដានពីក្រុមគ្រួពេទ្យនៅឡើយ។
នៅចំពោះមុខគ្រួសារកូនភ្លោះបី លោក សេង ទៀង មានប្រសាសន៍ពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។
ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលរយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ចំនួន៤១៥គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បុរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។
បើតាមលោក សេង ទៀង បានឱ្យដឹងថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបំរើឲ្យសកម្មភាពនយោបាយនោះទេ។ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់។
លោក សេង ទៀង បានណែនាំឪពុកម្តាយកូនភ្លោះ ត្រូវបន្តតាមដានសុខភាពរបស់ទារកភ្លោះឱ្យបានដិតដល់ ប្រសិនមានអ្វីកើតឡើងសូមនាំយកទារកទៅកាន់មណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋាន ជៀសវាងគ្រោះថ្នាក់ដល់ទារក។
ឪពុកម្តាយកូនភ្លោះទាំង៣ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទល់ក្រងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ ពោលគឺពេលនេះសម្តេចបានចាត់ឱ្យតំណាងរបស់សម្តេច បាននាំយកថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ មកចែកជូនផ្ទាល់ដៃដល់គ្រួសាររបស់ខ្លួន ដែលប្រសូត្របានទារិកាភ្លោះបីនាក់ ដើម្បីជួយសម្រាលដល់ការលំបាក់ក្នុងការចិញ្ចឹមបីបាច់ទារិកាភ្លោះទាំងបីនាក់នេះ ឲ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀត ក្នុងសង្គម៕