(ភ្នំពេញ)៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណៈចិន (ស.ន.ក.ច) បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគម អាណត្តិទី៨ ដោយអង្គបោះឆ្នោតបានសម្រេចបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តគាំទ្រ លោក ស៊ូ សិទ្ធិគុណ ជាប្រធានសមាគមអាណត្តិទី៨។
ការបោះឆ្នោតជ្រើសរើសប្រធានអាណត្តិថ្មី បានរៀបចំឡើង នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលប្រជុំជាន់ទី២ នៃអគារសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ក្រោមអធិបតីភាពលោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាល ស.ន.ក.ច ព្រមទាំងមានការចូលរួមបោះឆ្នោតដោយផ្ទាល់ពីសំណាក់អនុប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាល អាណត្តិទី៨ សរុប ១៥រូប។
ដំណើរការការបោះឆ្នោតនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងប្រកបដោយភាពសុក្រឹត និង យុត្តិធម៌ ដែលជាលទ្ធផល ក្រុមប្រឹក្សាភិបាល ស.ន.ក.ច អាណត្តិទី៨ បានសម្រេចបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តគាំទ្រ លោក ស៊ូ សិទ្ធិគុណ ជាប្រធាន ស.ន.ក.ច អាណត្តិទី៨ ដោយទទួលបានសំឡេងគាំទ្រ ១៥/១៥ នៃវត្តមានរបស់ក្រុមប្រឹក្សាភិបាលអាណត្តិទី៨ ដែលបានចូលរួមបោះឆ្នោតដោយផ្ទាល់។
យោងតាមលទ្ធផលបោះឆ្នោត និងស្មារតីអង្គប្រជុំក្រុមប្រឹក្សាភិបាលខាងលើ ក្រុមប្រឹក្សាភិបាល ស.ន.ក.ច អាណត្តិទី ៨ សម្រេចតែងតាំង លោក ស៊ូ សិទ្ធិគុណ ប្រធាន ស.ន.ក.ច អាណត្តិទី៧ បន្តជា ប្រធាន ស.ន.ក.ច អាណត្តិទី៨។
គួរបញ្ជាក់ផងដែរថា សមាគមនិស្សិតកម្ពុជាប្រចាំសាធារណៈចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ដែលមានក្នុងរយៈពេល0៧ឆ្នាំមកហើយ។
គោលបំណងរួមរបស់សមាគមគឺ កៀរគរ ពង្រីក និងពង្រឹងមិត្តភាព សាមគ្គីភាព សមត្ថភាព និង ឯកភាពរវាងនិស្សិតកម្ពុជាទូទាំងប្រទេសចិនដោយមិនបែងចែកវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ភេទ និងប្រភេទអាហារូបករណ៍, ផ្សព្វផ្សាយ និងលើកស្ទួយវប្បធម៌ សិល្បៈ អរិយធម៌របស់ប្រទេសកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការកម្ពុជាចិន និងអន្តរជាតិ, ផ្សព្វផ្សាយសិក្ខាសាលា (ក្នុង និងក្រៅប្រទេស) និងឱកាសការងារនៅប្រទេសកម្ពុជា ជូនដល់និស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សាពីប្រទេសចិន, ចុះជួយ និងរៃអង្គាស ទំនុកបម្រុងថវិកា និងសម្ភារៈដល់និស្សិតកម្ពុជាដែលខ្វះខាត ទាំងក្នុងការសិក្សា និងការរស់នៅ, ជួយនិស្សិតដែលមានជំងឺ និងមានបញ្ហាសុខភាពធ្ងន់ស្រាលផ្សេងៗ ព្រមទាំងរៀបចំសិក្ខាសាលាផ្សព្វផ្សាយអាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា។
នាពេលថ្មីៗនេះ សមាគមបានទទួលការគាំទ្រ និងឧបត្ថម្ភពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា លើគម្រោងសិក្ខាសាលាស្តីពី«ការតម្រង់ទិស និងការផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន»ទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណង៖ (១)ផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន (២)តម្រង់ទិស លើកទឹកចិត្តដល់ សិស្ស និស្សិត ឱ្យខិតខំរៀនសូត្រ ជាពិសេសសិក្សាភាសាចិន (៣)ចែករំលែកបទពិសោធន៍អំពីការសិក្សា និងការទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅប្រទេសចិន (៤)បញ្ជ្រៀបសារគាំទ្រដល់សិស្ស និស្សិត ដើម្បីពង្រឹងនូវការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចំពោះការអភិវឌ្ឍយុវជន នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ជាលទ្ធផល សមាគមនិស្សិតបានសម្រេចបានដោយជោគជ័យនៅតាមវិទ្យាល័យចំនួន៣៧ សាកលវិទ្យាល័យចំនួន១០ នៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ចាម តាកែវ កំពង់ស្ពឺ ស្វាយរៀង រតនគិរី និងខេត្តកំពត ដែលមានអ្នកចូលរួមសរុបប្រមាណជាង ២០,០០០នាក់។
ជាមួយគ្នានេះដែរ សមាគម បានទទួលការគាំទ្រពីការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា ក្នុងការសម្របសម្រួលជ្រើសរើសយុវជន-និស្សិត ក្នុងការចូលរួមសិក្ខាសាលាតាមអនឡាញ មាន៧៩ប្រធានបទ រយៈពេល២-៣ សប្តាហ៍) ដែលមានសិក្ខាកាមមកពីសមាគមមានចំនួន១១៩នាក់ ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ មកដល់ឆ្នាំ២០២៣ និងសិក្ខាសាលាដោយផ្ទាល់នៅប្រទេសចិន (រយៈពេល២សប្តាហ៍) ចាប់ពីខែមិថុនាឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន សរុបមាន១៩ ប្រធានបទ ដែលមានសិក្ខាកាមសរុប១៤៨ នាក់។
សមាគមក៏បានចូលរួមធ្វើជាអ្នកសង្កេតការណ៍អន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ហើយក៏បានចូលរួមធ្វើជាអ្នកសង្កេតការណ៍អន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ថ្មីៗនេះផងដែរ ដែលមានសមាជិកចូលរួមសរុបចំនួន ៧៧រូប (ជនជាតិចិន ១៥រូប)។
បើទោះជាមានកាលៈទេសៈលំបាកមួយចំនួនក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះក៏ដោយ សមាគមនិស្សិត នៅតែខិតខំបន្តធ្វើសកម្មភាពដើម្បីជាប្រយោជន៍ជូនយុវជននិស្សិត និងសង្គមជាតិ។ ជាពិសេស កម្មវិធីជួបជុំផ្សេងៗ ដើម្បីទប់សតិអារម្មណ៍និស្សិត កុំឱ្យបោះបង់ការសិក្សា និងដើម្បីលើកទឹកចិត្តនិស្សិតឱ្យបន្តការខិតខំការសិក្សានៅតាមប្រព័ន្ធអនឡាញ នាពេលកន្លងមក។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ សមាគមបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការរៀបចំនិស្សិតរៀនផ្នែកវេជ្ជសាស្ត្រពីប្រទេសចិន ចំនួន៩៥នាក់ បង្កើតបានជាក្រុមគ្រូពេទ្យស័្មគ្រចិត្តយុវជនមិត្តភាព កម្ពុជា-ចិន ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានប្រមាណ១០ម៉ឺននាក់ ក្នុងនោះមានជនជាតិចិនប្រមាណ ៥,០០០នាក់ នៅខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វាយ ក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០២១។
ស.ន.ក.ច. អាចដំណើរការសកម្មភាពរហូតដល់ពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត ដោយសារតែជំនួយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត ជាពិសេសការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក ស៊ូ សិទ្ធិគុណ ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនអាណត្តិទី៨ ដែលទើបទទួលបានការតែងតាំងថ្មី បានប្តេជ្ញាបន្តខិតខំប្រឹងប្រែងជួយសម្រួលកិច្ចការរបស់និស្សិតឱ្យបានកាន់តែសកម្ម តួយ៉ាងថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំជាមួយនិស្សិតអាហារូបករណ៍ថ្មី នៃឆ្នាំសិក្សា ២០២៤-២០២៥ នៅទីស្នាក់ការសមាគម សរុបប្រមាណ ១២០រូប ដើម្បីជួយណែនាំអំពីការបំពេញបែបបទស្នើសុំទិដ្ឋាការទៅសិក្សានៅប្រទេសចិន ណែនាំអំពីការត្រៀមខ្លួន ក៏ដូចជាផ្តល់ឱកាសដល់និស្សិតថ្មីសួរសំណួរ និងស្រាយចម្ងល់ ក៏ដូចជាកង្វល់និស្សិតថ្មីផងដែរ។
បន្ថែមពីលើនេះ លោក នឹងបន្តរឹតចំណងសាមគ្គីភាពរវាងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទូទាំងប្រទេសចិន បន្តធ្វើសកម្មភាព និងកសាងសមិទ្ធិផលទៀត ដើម្បីរួមចំណែកក្នុងសង្គមជាតិ ជាពិសេសលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន បន្តខិតខំរៀនសូត្រឱ្យទទួលបានជោគជ័យ ដើម្បីយកចំណេះដឹង បទពិសោធន៍ទៅបម្រើប្រទេសជាតិមាតុភូមិដ៏បរវរនៃយើង៕