(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យកុមារកម្ពុជា បានអំពាវនាវឲ្យគ្រូពេទ្យប្រកាន់ខ្ជាប់ជានិច្ចក្នុងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវាជូនប្រជាជនប្រកបដោយគុណភាព សុវត្ថិភាព និងមេត្តាធម៌ ដើម្បីចូលរួមពង្រឹងនូវប្រព័ន្ធសេវាសុខាភិបាល។
ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាស លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា តំណាងដ៏ខ្ពង់ខ្ពស់ របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ចើញជាអធិបតីក្នុងសន្និសីទស្ដីពី «បច្ចុប្បន្នភាពវេជ្ជសាស្ត្រកុមារ លើកទី៩» នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា សៀមរាប ខេត្តសៀមរាប។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានបញ្ចាក់ឲ្យដឹងថា ការផ្តល់សេវាជូនប្រជាជនប្រកបដោយគុណភាព សុវត្ថិភាព និងមេត្តាធម៌ គឺដើម្បីចូលរួមពង្រឹងនូវប្រព័ន្ធសេវាសុខាភិបាល សំដៅការលើកកម្ពស់សុខុមាលភាព ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីរួចចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា។
លោកសាស្ត្រាចារ្យ បានឲ្យដឹងទៀតថា ការរៀបចំសន្និសីទស្តីពី «បច្ចុប្បន្នភាពវេជ្ជសាស្ត្រកុមារ លើកទី៩» នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់ ពង្រឹង និងបង្កើនចំណេះដឹង វិជ្ជាជីវៈដល់បណ្តាគ្រូពេទ្យទាំងអស់អោយកាន់តែមានសមត្ថភាព ក្នុងការផ្តល់សេវាថែទាំ ព្យាបាលកុមារ អោយបានល្អត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធិភាព។
ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា ក៏បានផ្តាំផ្ញើឱ្យសមាជិកសមាជិកានៃសន្និសីទទាំងអស់ដែលជាគ្រូ ពេទ្យកុមារ ឬគ្រូពេទ្យថែទាំព្យាបាលកុមារ មកពីមន្ទីរពេទ្យនានា ពីខេត្ត និងក្រុង ពាំនាំនូវចំណេះដឹងថ្មីៗនេះ ដើម្បីបណ្តុះបណ្តាលបន្តដល់សហភាតា ដល់មូលដ្ឋានសុខាភិបាលរៀងខ្លួនៗ ដោយប្រសិទ្ធភាពផងដែរ៕