(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក បានផ្ដាំផ្ញើដល់មន្ត្រីក្រុមការងារគណបក្ស គឺត្រូវបន្តចុះតាមមូលដ្ឋានទាំងអស់ ត្រូវចុះឲ្យបានជាប់ជាប្រចាំ ដូចភ្លៀងរលឹមតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្សឱ្យបានត្រឹមត្រូវ។
ការលើកឡើងដូចនេះរបស់លោកស្រីបណ្ឌិត ជា សិរី ដូចនេះធ្វើឡើងនៅ ក្នុងវិធីប្រកាសសមាសភាពក្រុមការងារ គណបក្សចុះមូលដា្ឋនភូមិ-ឃុំ របស់ស្រុកប្រាសាទសំបូរ និងស្រុកសន្ទុករបស់ខេត្តកំពង់ធំ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។
លោកស្រីបណ្ឌិត ជា សិរី បានស្នើឲ្យមន្ត្រីត្រូវឈរកៀកជាមួយប្រជាជន និងផ្សារភ្ជាប់ទំនាក់ទំនងឲ្យបានយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហានានា ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពជូនប្រជាជន។ ទន្ទឹមនេះសមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវមានការចែករំលែកនូវព័ត៌មាន និងជួយផ្តល់ជាមតិគ្នាទៅវិញទៅមកប្រកបដោយភាព
សុច្ចរិត ស្មោះត្រង់ និងយោគយល់ ព្រមទាំងត្រូវរក្សាធ្លុងសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានល្អ។
លោកស្រីបណ្ឌិតក៏បានរំលឹកជូនក្រុមការងារឲ្យបានដឹងថា ជ័យជម្នះជាបន្តបន្ទាប់កន្លងមក ពិសេសការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ជាជ័យជម្នះរួមរបស់យើងទាំងអស់គ្នា និងក៏ជាជោគជ័យរបស់ គណបក្សប្រជាជនកម្ពុជា ដែលជាការរួមចំណែក បម្រើគណបក្ស និងប្រទេសជាតិ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំជាតិ។
លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា ការរៀបចំក្រុមការងារចុះមូលដ្ឋានតាមភូមិ-ឃុំ នាពេលនេះជាផ្នែកមួយនៃ កត្ដារចនាសម្ព័ន្ធ ចាត់តាំង ត្រូវតែបានរៀបចំឲ្យបានច្បាស់លាស់ និងជាគោលដៅដ៏ជាក់លាក់មួយ ស្របតាមយុទ្ធសាស្ត្រដែលគណបក្សបានដាក់ចេញ៕