(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះពិនិត្យព្យាបាល និងសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលមានជំងឺ ភ្នែកមកពីស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រមាណ៣០០នាក់ ដែលបានមកទទួលការពិនិត្យ និងព្យាបាលឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី ក្រោមការជួយឧបត្ថម្ភ និងទំនុបបម្រុងដូចជាការធ្វើដំណើរការស្នាក់នៅ និងការហូបចុកពីសំណាក់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដែលជាថ្ងៃទី១នៃការបើកការព្យាបាល និងវះកាត់ជូនប្រជាពលរដ្ឋទាំង៣០០នាក់ មកពីស្រុកប្រាសាទសំបូរ នេះលោកស្រីបណ្ឌិត ជា សិរី និងសហការីបានអញ្ជើញចុះតាមដាន ការពិនិត្យព្យាបាល និងសាកសួរសុខទុក្ខពីស្ថានភាព អ្នកជំងឺដល់មន្ទីរពេទ្យមិត្តភាពខ្មែរ_សូវៀត។
សកម្មភាពមនុស្សធម៌នេះបានរៀបចំ ធ្វើការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤តទៅ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ_សូវៀត។
កម្មវិធីពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋ មានជំងឺភ្នែកទាំង៣០០នាក់ គឺមានការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្ត របស់ធនាគារជាតិនៃកម្ពុជា ដោយមានកិច្ចសហការ ជាមួយក្រុមគ្រូពេទ្យមនុស្សធម៌មក ពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ AHHA (Australian Health Humanitarian Aid) មូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) មូលនិធិរក្សាកុមារ (Raksa Koma Foundation)និងការរួមពីក្រុមបុគ្គលិករបស់ធនាគារឯកជនជាដៃគូផងដែរ។
សូមជម្រាបថា ប្រជាពលរដ្ឋមានជំងឺភ្នែកទាំង៣០០នាក់ មកពីស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលទទួលការព្យាបាលនាពេលនេះ បន្ទាប់ពីទទួលបានវិនិច្ឆ័យកាលពីអំឡុង នៃពិនិត្យនៅស្រុកប្រាសាទសំបូរ កាលថ្ងៃទី៨ ដល់ថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ។
ការពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតលើកនេះមានរយៈពេល ៤ថ្ងៃពោលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។
នៅក្នុងសកម្មភាពពិនិត្យ និងព្យាបាលនេះជារួមគឺទទួលបាន ការចុះពិនិត្យតាមដាន ដោយយកចិត្តទុកដាក់ យ៉ាងហ្ម៉ត់ចត់បំផុតពីលោកស្រីបណ្ឌិត ជា សិរី ទាំងការស្នាក់នៅ និងការឧបត្ថម្ភនានារហូត ដល់ការរួចរាល់វិលត្រឡប់ទៅផ្ទះវិញ។
សូមជម្រាបថា កាលពីថ្ងៃទី៨ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅលោកស្រីបណ្ឌិត ជា សិរី ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មូលនិធិចក្ខុខ្មែរនេះបានចុះជួយពិនិត្យនិងព្យាបាលភ្នែកដោយឥតគិតថ្លៃជូប្រជាពលរដ្ឋក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រមាណជាង១៤០០នាក់។
នៅក្នុងចំណោមប្រជាជនមានជំងឺភ្នែក១៤០០នាក់នេះ មានប្រជាជនចំនួនប្រមាណ ៣០០នាក់ តម្រូវឱ្យមានការមកពិនិត្យព្យាបាល និងវះកាត់ជូនបន្តនៅទីក្រុងភ្នំពេញ។
ក្នុងថ្ងៃដដែលនេះលោកស្រីបណ្ឌិត បានអញ្ជើញចុះទៅពិនិត្យការព្យាបាលមាត់ ធ្មេញជូនប្រជាពលរដ្ឋ និងកុមារនៅមន្ទីរពេទ្យទន្តសាស្ត្រពុទ្ធិសាស្រ្តផងដែរ៕