(កំពង់ចាម)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម បានជំរុញដល់មន្ដ្រីគណបក្សមូលដ្ឋានទាំងអស់ បង្កើនការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ព័ត៌មានមិនពិត ដែលប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

ការលើកឡើងរបស់លោកសន្ដិបណ្ឌិត នេត សាវឿន ធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម រួមជាមួយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងលោក អ៊ុច បូរិទ្ធ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម។

លោកសន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា កន្លងទៅក្រុមអគតិជ្រុលនិយម តែងធ្វើការលាបពណ៌ និងប្រឌិតព័ត៌មានបំពុលញុះញង់ប្រជាពលរដ្ឋឲ្យមានការយល់ច្រឡំមកលើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានរូបនេះ ក៏បានណែនាំឲ្យមន្ដ្រីបក្សនៅមូលដ្ឋាន ត្រូវពង្រឹងអង្គការចាត់តាំងបក្ស រចនាសម្ព័ន្ធបក្ស និងគ្រួសារ សមាជិកបក្សឲ្យបានច្បាស់លាស់ដើម្បីងាយស្រួលក្នុងការពង្រឹងសមត្ថភាព ពង្រឹងចលនា និងកៀគរសមាជិកបន្ថែមទៀត សំដៅពង្រឹងមូលដ្ឋានបក្សឲ្យកាន់តែរឹងមាំ។

បើតាមលោកសន្ដិបណ្ឌិត នេត សាវឿន, មន្ដ្រីគណបក្ស ត្រូវបន្ដរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ការរៀបចំវេទិកាសាធារណៈនេះ ជារឿងចាំបាច់បំផុតដែលត្រូវអនុវត្ត ហើយប្រធានបទត្រូវផ្លាស់ប្ដូរតាមកាលៈទេសៈ។

បន្ថែមពីនេះ លោកសន្ដិបណ្ឌិត នេត សាវឿន បានក្រើនរំលឹកដល់អាជ្ញាធរ ក្រុមការងារគណបក្ស ត្រូវបន្ដចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សំដៅជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លើសពីនេះ ត្រូវបន្ដធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីបង្កបរិយាកាសល្អដល់ពលរដ្ឋក្នុងប្រកបរបរទទួលទានផងដែរ។

ស្របពេលដែលរដូវវស្សាបានឈានចូលមកដល់នេះ លោកសន្ដិបណ្ឌិត ក៏មិនភ្លេចដាក់ចេញការណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ដើម្បីជួយអន្ដរាគមន៍សង្គ្រោះពលរដ្ឋបានទាន់ពេលវេលា៕