(ភ្នំពេញ)៖ ក្នុងនាមវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានមើលឃើញថា សេដ្ឋកិច្ចចិនមានមូលដ្ឋានរឹងមាំណាស់ ហើយយល់ឃើញថា ប្រការនេះនឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ពិភពលោក តាមរយៈនិន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកបដោយភាពនឹងនរ និង មានទំនោរទៅរកភាពលំនឹងនៃកំណើនក្នុងរយៈពេលវែង។
មិនតែប៉ុណ្ណោះលោកបណ្ឌិត ក៏បានទាញសេចក្តីសន្និដ្ឋានបានថា៖ «ចិនជាប្រទេសមួយ ដែលពោរពេញទៅដោយឱកាស ដែលការអភិវឌ្ឍរបស់ចិននឹងបន្តផ្តល់កាលានុវត្តភាពដល់ពិភពលោក ជាពិសេសប្រទេសកម្ពុជា ក្នុងការកែទម្រង់នានា ដើម្បីឈានដល់ការរីកចម្រើនប្រកបដោយបរិយាប័ន្ន។ ជាមួយគ្នានេះខ្ញុំសង្ឃឹមថា កិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជាការបង្កើតឡើងដើម្បីឱ្យមានសហគមន៍ជោគវាសនារួម ដូច្នេះសង្ឃឹមថា ទំនិញកម្ពុជា នឹងអាចឈានជើងចូលទៅកាន់ទីផ្សារចិន កាន់តែច្រើនជាងមុន ហើយឆ្នាំនេះក៏ជាឆ្នាំលំហូរនៃប្រជាជននិងប្រជាជនដែរ សង្ឃឹមថាការបើកចំហររបស់ប្រទេសចិន នឹងបង្ហូរនូវប្រជាជនចិន ចូលមកកម្ពុជាបានច្រើន ដូចកាលពីឆ្នាំ២០១៩»។
ជាមួយគ្នានេះដែរ ប្រធានវិទ្យាស្ថានសិក្សាចិនខាងលើ បានសូមឱ្យបណ្តាប្រទេសទាំងអស់លើពិភពលោក សិក្សាលម្អិតនូវគោលគំនិតនៃ ការកែទម្រង់របស់ចិន ដើម្បីទុកជាមេរៀន ឬ បទពិសោធន៍ល្អក្នុងការកែទម្រង់ លុបបំបាត់ចោលនូវប្រព័ន្ធគាំពារនិយម និង ការរើសអើងគ្នាក្នុងពិភពលោក ហើយងាយកមករួបរួមបង្កើតជាសហគមជោគវាសនារួម។ បទពិសោធន៍នៃការកែទម្រង់ប្រទេសចិនដែលផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាព ជាពិសេសកម្លាំងផលិតគុណភាពថ្មី ជារូបមន្តថ្មីនៃកំណើនសេដ្ឋកិច្ច តាមរយៈបច្ចេកវិទ្យា ស័កសិទ្ធភាពនិងគុណភាពខ្ពស់នៃការប្រើប្រាស់ធនធាន អាចក្លាយជាបទពិសោធន៍សម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួន។
ទស្សនវិជ្ជាថ្មីនៃការអភិវឌ្ឍ អាចរួមចំណែកដល់ប្រទេសកម្ពុជានូវការយកចិត្តទុកដាក់លើវិស័យនវានុវត្តន៍បែបវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ដោយផ្តោតសំខាន់លើការស្រាវជ្រាវនិងអភិវឌ្ឍន៍ ដែលទាំងនេះជារូបមន្តដ៏ពិសិដ្ឋមួយសម្រាប់ទស្សនាទាននៃទ្រឹស្តីនិងម៉ូឌែលនៃការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍមូលធនមនុស្សក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ។
ជាការកត់សម្គាល់ ប្រទេសចិនបានដាក់គោលដៅដល់ឆ្នាំ ២០៣៥ នឹងកសាងដោយគ្រប់ជ្រុងជ្រោយ នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ ធ្វើឱ្យមានសុក្រឹតភាព បន្ថែមទៀត នូវប្រព័ន្ធសង្គមនិយមដែលមានលក្ខណៈចិន សម្រេចបានជាមូលដ្ឋាន នូវការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចជាតិ និងសមត្ថភាពអភិបាលកិច្ច សម្រេចបានជាទូទៅនូវការកសាងសង្គមនិយមទំនើប ដើម្បីជាគ្រឹះដ៏រឹងមាំសម្រាប់ការកសាងបាន នូវប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ នៅពាក់កណ្តាលសតវត្សរ៍នេះ។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោកបណ្ឌិតបានធ្វើឡើងនៅក្នុង កិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន៖ កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន» ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤៕