(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សម័យប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី២០ បាននាំមកនូវសន្ទុះថ្មីសម្រាប់គំនិតផ្តួចផ្តើមដ៏អស្ចារ្យ ដែលស្នើឡើងដោយលោកប្រធានាធិបតី ស៊ី ជិនពីង រួមមាន គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអរិយធម៌សកល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព វិបុលភាព ការតភ្ជាប់ និងភាពសុខដុមក្នុងក្របខណ្ឌពិភពលោកទាំងមូល។
ជាមួយគ្នានេះ លោកបណ្ឌិត ជឿជាក់ថា៖ «កម្លាំងនៃការប្តេជ្ញាចិត្ត ជម្រៅនៃការផ្លាស់ប្តូរ និងវិសាលភាពនៃឥទ្ធិពល គឺពិតជាមិនធ្លាប់មានពីមុនមក ហើយសមិទ្ធផលដែលប្រទេសចិនសម្រេចបាន គឺពិតជាបានទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកយ៉ាងខ្លាំង។ ទំនើបភាវូបនីយកម្មនៃប្រព័ន្ធអភិបាលកិច្ចជាតិរបស់ប្រទេសចិន និងការពន្លឿនការសាងសង់គំរូនៃការអភិវឌ្ឍថ្មី គឺជាគំរូតែមួយគត់សម្រាប់ការអភិវឌ្ឍសកល បដិវត្តន៍បច្ចេកវិទ្យា និងការផ្លាស់ប្តូរឧស្សាហកម្ម។ ភាពរឹងមាំនិងភាពធន់កាន់តែខ្លាំងឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងជួយជំរុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិងការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងកំណើនប្រកបដោយបរិយាបន្ននៅក្នុងតំបន់និងនៅក្នុងពិភពលោកទាំងមូល»។
ការបង្កើតនិងការអភិវឌ្ឍសង្គមនិយមដែលមានលក្ខណៈពិសេសរបស់ចិន បានជំរុញការកែទម្រង់ក្នុងប្រព័ន្ធសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម និងប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេស ក៏ដូចជាក្នុងប្រព័ន្ធកសាងបក្ស ហើយបានផ្តល់កម្លាំងរុញច្រាននិងការធានាសម្រាប់ទំនើបកម្មសង្គមនិយមនិងប្រព័ន្ធអភិបាល កិច្ចនិងសមត្ថភាពជាតិ។ មានទឡ្ហីករណ៍ជាច្រើនបានបង្ហាញថា កំណែទម្រង់និងការបើកចំហ គឺជាជម្រើសដ៏សំខាន់មួយដែលបានកំណត់ជោគវាសនារបស់ប្រទេសចិនសហសម័យ ហើយក៏ជាឧបករណ៍ដ៏សំខាន់សម្រាប់កិច្ចការរបស់បក្សកុម្មុយនីស្តចិននិងប្រជាជនចិន ដើម្បីតាមទាន់សម័យកាលក្នុងជំហានដ៏ អស្ចារ្យ។ ប្រទេសចិនបានក្លាយទៅជាប្រទេសសង្គមនិយមទំនើបមួយដែលមានភាពរីកចម្រើន រឹងមាំ ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា ហើយសម្រេចបាននូវក្តីសុបិនរបស់ចិនអំពីការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រទេស។ នេះគឺជាការបញ្ជាក់បន្ថែមពីលោកបណ្ឌិត គិន ភា។
ដោយចាក់ឫសក្នុងទស្សនវិជ្ជាអភិវឌ្ឍន៍ដែលផ្តោតលើប្រជាជន ទំនើបភាវូបនីយកម្មរបស់ចិនមានគោលបំណងការពារផលប្រយោជន៍ប្រជាជន លើកកម្ពស់សុខុមាលភាពរបស់ពួកគេ និងធានាថា ការអភិវឌ្ឍគឺ ដើម្បីប្រជាជននិងដោយប្រជាជន ហើយការបែងចែកផ្លែផ្កានៃការអភិវឌ្ឍនោះត្រូវបានទៅដល់ប្រជាជនទាំងអស់ប្រកបដោយសមធម៌។
ការថ្លែងរបស់លោកបណ្ឌិតបែបនេះធ្វើឡើងនៅក្នុង កិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន៖ កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន» ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤៕