(ភ្នំពេញ)៖ នៅក្នុងថ្នាក់សិក្សាអំពីរបៀបសរសេរព័តមាន ជំនាន់ទី៧ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន FTC នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ចុងសប្ដាហ៍នេះ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC បានលើកឡើងថា ដើម្បីសរសេរប្រធានបទបានល្អ ត្រូវចេះចាប់មុម និងរករឿងដែលប្លែក ដែលធ្វើឱ្យអ្នកអានចាប់អារម្មណ៍ កាន់តែច្រើនបន្ថែមទៀត។
នៅក្នុងការសិក្សានេះ លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ថា៖ «ដើម្បីការសរសេររឿង Featureមួយឱ្យបានចេញជារូបរាង គឺយើងត្រូវយល់អំពីរឿងនោះបានសព្វគ្រប់ជាមុន។ មានន័យថាពីដើមទល់ចប់នៃសាច់រឿង គឺយើងបានយល់និងដឹងអំពីភាព ទាក់ទងរបស់វាបានសព្វគ្រប់ទាំងអស់។យើងដឹងថាសាច់រឿងនោះ មានលក្ខណៈសំខាន់ ដែលគេចង់ដឹងនោះ នៅត្រង់កន្លែងណា? ហើយយើងចាប់ផ្តើមសរសេរដើម្បីឱ្យទស្សនិកជន ឃើញនូវភាពសំខាន់នោះដូចអ្វីដែលយើងបានឃើញនិងចាប់អារម្មណ៍។ ត្រូវចាំថាវាជារឿង ដែលប្លែក, កំសត់, គ្មានអ្នកណាបានជួបប្រទះក្នុងជីវិត ឬអ្វីមួយដែលទើបនឹងផ្ទុះឡើងជាលើក ដំបូងដែលយើងត្រូវឱ្យគេបានឃើញនូវភ្ញាក់ផ្អើលអំពីរឿងរ៉ាវទាំងនោះ»។
លោក ម៉ារ យ៉ារិទ្ធិ បានបន្ដថា ការផ្តល់នូវការបញ្ចូលអារម្មណ៍ អត្ថបទ Feature គប្បីត្រូវសរសេរឱ្យមានភាពរំជួលក្នុងចិត្ត។ មិនថាវាជាការរំជួលចិត្ត, ការចង់ ដឹង, ក្តីរីករាយឬការកើតទុក្ខនោះឡើយ, បំណងនៃការសរសេរគឺចង់ផ្តល់ភាពទាក់ទងនៃ អារម្មណ៍អ្នកអាចមានអារម្មណ៍ស្លុងក្នុងការសរសេររៀបរាប់នោះ។
កុំសរសេរសន្និដ្ឋាននូវពាក្យសម្តីរបស់មនុស្សដែលប្រាប់យើងនូវរឿងអ្វីដែលកើតឡើង ទុកឱ្យសម្តីរបស់មនុស្សនោះ បានរៀបរាប់នូវសាច់រឿង បណ្តោយឱ្យសាច់រឿងធ្វើ ដំណើរជា មួយនឹង Quotes និងហេតុការណ៍កើតឡើង។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។ FTC កំពុងដំណើរការវគ្គសិក្សាជាច្រើន ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះមានជំនាញសរសេរដំណឹងក្តៅ បទយកការណ៍ ជំនាញសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនាញថតរូបជាដើម។
FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។ នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕