(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជានិងចិន ថ្វីបើយើងនៅឆ្ងាយពីគ្នាតែបេះដូងយើងនៅជិតគ្នា យើងជាបងប្អូនដែកថែប ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាសហគមន៍ដែលមានជោគវាសនារួមគ្នា និងចុងក្រោយ យើងជាបងប្អូនត្បូងពេជ្រ។ លក្ខណៈពិសេសនៃមិត្តភាពរបស់យើងជ្រាលជ្រៅណាស់។ ដូច្នេះ ស្នាមញញឹមរបស់យើងចំពោះគ្នា ត្រូវតែជាស្នាមញញឹមដែលផុសចេញពីបេះដូងដ៏បរិសុទ្ធ មិនគ្រាន់តែជាស្នាមញញឹមលើផុសចេញលើផ្ទៃមុខដើម្បីបិតបាំងមិត្តភាពក្លែងក្លាយនោះទេ។

លោកបណ្ឌិត គិន ភា បានបន្ថែមថា៖ «ប្រទេសកម្ពុជានិងចិនមានទំនាក់ទំនងគ្នារាប់ពាន់ឆ្នាំមកហើយ ដោយផ្អែកលើកត្តាប្រវត្តិសាស្ត្រ វប្បធម៌ នយោបាយ សេដកិច្ច និងសង្គម ជាពិសេស ការផ្សារភ្ជាប់បេះដូងរវាងប្រជាជននិងប្រជាជន។ ប្រទេសយើងទាំងពីរមានក្តីសុបិនរួមគ្នាមួយ ដែលប្រាថ្នាចង់ឃើញសណ្តាប់ធ្នាប់ពិភពលោកមួយ ដែលពឹងផ្អែកលើច្បាប់និងធម្មនុញ្ញអង្គការសហប្រជាជាតិ, ពិភពលោកមួយប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព សុខដុមរមនា សេចក្តីថ្លៃថ្នូរ និងអារ្យធម៌របស់មនុស្សជាតិត្រូវបានគោរព ប្រជាជាតិទាំងអស់មិនត្រូវបានផាត់ ចេញ ហើយប្រជាជនទាំងអស់នឹងមានបេះដូងកាន់តែធំទូលាយឆ្ពោះទៅរកពហុភាពនៃអារ្យធម៌ដោយ «មិនទុកនរណាម្នាក់ឱ្យនៅឯកោ»

ក្នុងឋានៈជាអ្នកសិក្សាស្រាវជ្រាវម្នាក់ លោកបណ្ឌិត គិន ភា បានធ្វើកិច្ចការជាច្រើនជាមួយមិត្តភក្តិចិនដើម្បីបុព្វហេតុនៃលក្ខណៈពិសេសនៃមិត្តភាពរវាងប្រទេសយើងទាំងពីរ លោកបានផ្តួចផ្តើមគំនិតរៀបចំវេទិកាជាន់ខ្ពស់ធានាគារខួរ ក្បាលកម្ពុជា-ចិន ដែលផ្តល់ឱកាសឱ្យអ្នកស្រាវជ្រាវនៃប្រទេសទាំងពីរក៏ដូចជាអ្នកស្រាវជ្រាវក្នុងតំបន់ចែករំលែកទស្សនៈនិងលទ្ធផលនៃការស្រាវជ្រាវអំពីទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនិងគំរូអភិបាលកិច្ចរដ្ឋ សេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រ និងវប្បធម៌នៃប្រទេសយើងពីរ, កម្មវិធីបោះជំរំយុវជនឆ្នើមអាស៊ាន-ចិន ដែលបើកឱកាសឱ្យយុវជនដែលជាអនាគតអ្នកបន្តវេនស្វែងយល់គ្នាទៅវិញទៅមក ដើម្បីពូនជ្រុំទំនាក់ទំនង ល្អរវាងអាស៊ាននិងចិនទៅអនាគត។

ប្រធានវិទ្យស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ លោកពិតជាចាប់អារម្មណ៍ជាខ្លាំងលើអភិបាលកិច្ចរដ្ឋ គំរូនៃការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ បច្ចេកវិទ្យា នាវានុវត្តន៍ និងយុវកម្មវប្បធម៌នៃប្រទេសចិន។ លោកបានសិក្សាយ៉ាង យកចិត្តទុកដាក់អំពីក្តីសុបិនចិន។ ក្តីសុបិនចិន គឺជាការចងចាំរួមរបស់ជាតិ ដែលពោរពេញទៅដោយភាព រុងរឿង សេចក្តីឈឺចាប់ និងភាពជោគជ័យ។ ក្តីសុបិនចិនក៏ជាការបង្ហាញដ៏ពេញលេញនូវព្រលឹងវប្បធម៌ មូលដ្ឋានទស្សនវិជ្ជានិងលក្ខណៈដ៏ឧត្តមរបស់ចិនផងដែរ។ ក្តីសុបិនចិន មានអត្ថន័យបង្កប់យ៉ាងច្រើន សម្បូរបែបនិងមានលក្ខណៈជាក់ស្តែងពិសេសដោយឡែករបស់ខ្លួន។

ការលើកឡើងរបស់លោកបណ្ឌិតបែបនេះធ្វើឡើងនៅក្នុង កិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន៖ កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន» ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤៕