(ភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំកិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន៖ កាលានុវត្តភាពថ្មី នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

តាមរយៈវីដេអូ ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានស្វាគមន៍កម្មវិធី និងបាន លើកឡើងថាសម័យប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នីតិកាលទី២០ ទើបបញ្ចប់យ៉ាងជោគជ័យនៅក្រុងប៉េកាំង។ នេះជាចំណុច សំខាន់សម្រាប់ប្រទេសចិនក្នុងយុគសម័យថ្មី។ ការធ្វើឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់របស់ចិនក្នុងយុគសម័យថ្មី ជាមធ្យោបាយគន្លឹះ ដែលប្រើប្រាស់ទំនើបកម្ម បែបផែនចិនជំរុញដោយគ្រប់ជ្រុងជ្រោយនូវការងើបឡើងវិញនៃប្រជាជាតិ និងកិច្ចកសាងប្រទេសជាតិដ៏ខ្លាំងក្លា ហើយក៏នឹងផ្ដល់ជំនួយថ្មីដល់មាគ៌ាស្វែងរកទំនើបកម្ម និង ប្រព័ន្ធសង្គមកាន់តែល្អ របស់មនុស្សជាតិ ផ្ដល់កាលានុវត្តភាពថ្មី ដល់ការអភិវឌ្ឍន៍គ្រប់ប្រទេសទាំងអស់។

ឯកឧត្តម វ៉ាង វិនពីនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានចាត់ទុកវេទិកានេះ ពិតជាបានជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំ។ ជាពិសេសបានចែករំលែក និងជជែកពិភាក្សាជាមួយអ្នកទាំងអស់គ្នានូវអត្ថន័យស្មារតី ក៏ដូចជាការបំផុសគំនិតសម្រាប់ពួកយើង កើតចេញពីកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិម បក្សកម្មុយនិស្តចិននីតិកាលទី២០។ ឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតចិនបានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន នីតិកាលទី២០ គឺជាកិច្ចប្រជុំសំខាន់មួយដែលមានអត្ថន័យជាទីកត់សម្គាល់។ តាមរយៈកិច្ចប្រជុំនេះ ពិភពលោកបានមើលឃើញពីប្រទេសចិន ដែលក្លាហានពុះពារជំនះ ឧបសគ្គ មានការប្ដេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់និងអភិវឌ្ឍទៅមុខ បានមើលឃើញពីប្រទេសចិនដែលបន្តពង្រីកនវានុវត្តន៍ និង កាន់តែប្រកបដោយថាមពល បានមើលឃើញពីប្រទេសចិនដែលប្រកាន់ខ្ជាប់ការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព និងតែងតែបើកទូលាយប្រកបដោយបរិយាបន្ន។

ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និង ការបើកទូលាយប្រកបដោយកម្រិតខ្ពស់ របស់ប្រទេសចិន នឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនជូនគ្រប់ប្រទេសលើ ពិភពលោក ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ប្រទេសចិន ស្ម័គ្រចិត្តផ្លាស់ប្ដូរបទពិសោធន៍អភិបាលកិច្ចជាតិជាមួយភាគីកម្ពុជា ដើរតាមមាគ៌ាអភិវឌ្ឍន៍ដែល សមស្របតាមស្ថានភាពប្រទេសរបស់រៀងៗខ្លួន។ ប្រទេសចិនស្ម័គ្រចិត្តចែករំលែកផលប្រយោជន៍បានមកពីការអភិវឌ្ឍន៍ជាមួយភាគីកម្ពុជា ដើម្បីចាប់ដៃគ្នាសម្រេច គោលដៅទំនើបកម្មរៀងៗខ្លួន រួមគ្នាជាមួយភាគីកម្ពុជាបន្តធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» និង «យុទ្ធសាស្ត្របញ្ចកោណ» របស់កម្ពុជា ដើម្បីបង្កើនជីវភាពរបស់ប្រជាជាតិនៃប្រទេសទាំងពីរ។

ប្រទេសចិនស្ម័គ្រចិត្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើឆាកអន្តរជាតិជាមួយភាគីកម្ពុជា រួមគ្នាអនុវត្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងសម័យកាលបច្ចុប្បន្ន ដើម្បី ចូលរួមកាន់តែច្រើនបន្ថែមទៀតសម្រាប់សន្តិភាព និងវិបុលភាព ក្នុងតំបន់ក៏ដូចជា ក្នុងពិភពលោកទាំងមូល។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិរវាងកម្ពុជា និងចិនដែលមានប្រវត្តិជាយូរលង់ណាស់មកហើយ។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំងពីរ តែងពូនជ្រុំរក្សាទំនាក់ទំនងឱ្យកាន់តែ មានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ 

កិច្ចសន្ទនានាពេលនេះ គឺជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា ចិនឱ្យកាន់តែរឹងមាំទ្វេឡើង ។

ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត  គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជានៃរាជបណ្ឌិត្យ សភាកម្ពុជា ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោក សយ សុភាព ប្រធានសមាគមអ្នកកាសែតកម្ពុជា-ចិនកញ្ញា Yao Shiya អ្នកទទួលខុសត្រូវវិទ្យុមិត្តភាពកម្ពុជា-ចិនក៏បានធ្វើបទបង្ហាញអំពីការស្វែងយល់ រៀងៗខ្លួនចំពោះការកែទម្រង់នៃប្រទេសចិននិងកាលានុវត្តភាពថ្មី នៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងចិន។

កម្មវិធីវិធីសហការរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា, ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត  ឯកឧត្តម លោកជំទាវ លោក/លោកស្រី ជាគណៈវាគ្មិន លោកគ្រូ អ្នកគ្រូ និងអ្នកសារព័ត៌មានជាតិ និងអន្តរាជាតិសរុបប្រមាណ២៥០នាក់៕