(ក្រចេះ)៖ ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ បាននិមន្ដផ្តល់ឱវាទដល់គណៈគ្រប់គ្រង នាយិកា នាយិការង លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស នៅសាលាមត្តេយ្យសិក្សាធនធាន អូរឬស្សី២ នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះនៅព្រឹកថ្ងៃទី០៩ ខែសីហារ ឆ្នាំ២០២៤។
ការនិមន្តជួបសំណេះសំណាលរបស់ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា គឺបានផ្តល់ក្តីស្រឡាញ់ចែករំលែក វប្បធម៌ អប់រំកូនប្រុសស្រីគ្រប់រូប ឱ្យក្លាយទៅជាកូនល្អ សិស្សល្អ និងប្រជាពលរដ្ឋល្អនៅក្នុងសង្គម។
ព្រះអង្គក៏បានផ្តល់ឱវាទអប់រំកូនចៅទាន់ខ្លួននៅក្មេងតូចៗ គឺជាមធ្យោយគន្លឹះដ៏ល្អបំផុត នៃវិស័យសិក្សាធិការ សម្របសម្រួលជាថ្នាលបណ្តុះបណ្តាលដំបូង ឱ្យកូនៗយកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ចាប់ផ្តើមតាំងពីកុមារភាព ដើម្បីក្លាយទៅជាទំពាំងស្នងឫស្សីនាថ្ងៃអនាគតប្រកបដោយគុណភាពប្រសិទ្ធភាព តាមកម្រិតនីមួយៗ ផ្តើមចេញដំបូងពីថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ឆ្ពោះទៅឧត្តមសិក្សា សាកលវិទ្យាល័យ ចាប់យកជំនាញ ឯកទេសវិជ្ជាជីវៈច្បាស់លាស់ស្របតាមឧបនិស្ស័យកូនៗ ថ្ងៃអនាគតគឺជាធនធានមនុស្សដ៏សំខាន់ ដើម្បីចូលរួមចំណែកកសាង អភិវឌ្ឍ ជ្រោមជ្រែងលើកស្ទួយប្រទេសជាតិ សាសនា ព្រះមហាក្សត្រ។
ជាមួយគ្នានោះ អ្នកគ្រូ នាយិកា សាលារួមនិងអាណាព្យាបាលសិស្សដែលបានចូលរួមស្ដាប់នូវការផ្ដល់ឱវាទនាឱកាសនោះក៏បានសម្ដែងនូវទឹកចិត្តត្រេកអរ និងថ្លែងនូវអំណរព្រះគុណដល់ព្រះអង្គគ្រូ ដែលបាននិមន្តចូលរួម ហើយផ្ដល់នូវពុទ្ធឱវាទ ល្អៗសម្រាប់ការដឹកនាំនិងការអភិវឌ្ឍន៍នៅក្នុងសាលារៀននេះ ក្នុងនោះលោកគ្រូអ្នកគ្រូក៏បាននិមន្តព្រះអង្គពិនិត្យមើលនៅតាមថ្នាក់រៀននីមួយៗ បណ្ណាល័យ និងសួនច្បារជាដើម ដើម្បីជាជំនួយស្មារតីក្នុងការកែលម្អ និងរៀបចំនៅក្នុងបរិវេណទីតាំងសាលាឲ្យមានសោភ័ណភាព និងអនាម័យល្អប្រសើ៕