(ញូយ៉ក)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានផ្ទុះកំហឹង និង ចោទប្រកាន់ សហរដ្ឋអាមេរិកថា ជាអ្នកផ្គត់ផ្គង់អាវុធដល់ក្រុមឧទ្ទាមឃើដស៊ីរី ដែលត្រូវបានទីក្រុងអង់ការ៉ា ចាត់ទុកថាជាក្រុមភេរវករ។ នេះបើតាមការចេញផ្សាយសារព័ត៌មានរដ្ឋតួកគី Anadolu នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។
ការលើកឡើងបែបនេះរបស់លោក Erdogan ធ្វើឡើងនៅក្នុងពិធីទទួលទានអាហារពេលល្ងាច នៅក្នុងទីក្រុងញូយ៉ក កាលពីថ្ងៃព្រហស្បតិ៍។ ប្រធានាធិបតីតួកគីរូបនេះ បានលើកឡើងដូច្នេះថា «រយៈពេលជាងបីថ្ងៃមក នេះ មានយន្ដហោះពីរគ្រឿង បានដឹកអាវុធឆ្ពោះទៅកាន់ទីក្រុង Kobane នៅស៊ីរី ដើម្បីផ្គត់ផ្គង់ដល់ពួកឧទ្ទាមឃើដពីរក្រុមគឺ PYD និង YGP។ លោក Erdogan បន្តថាទីក្រុងវ៉ាស៊ីនតោន គួរតែចាត់ទុកក្រុមឧទ្ទាមឃើដទំាងពីរនេះ ជាក្រុមភេរវករ ដូចគ្នាទៅនឹងក្រុមរណសិរ្ស Al Nosra (ដែលទើបតែប្ដូរឈ្មោះមកជារណសិរ្ស Fateh al Cham) ដែរ បើទោះជាពួកគេ កំពុងចូលរួមប្រយុទ្ធប្រឆំាងនឹងក្រុម ISIS ក៏ដោយ។
ទោះជាយ៉ាងនេះក្ដី សហរដ្ឋអាមេរិក បានច្រានចោលការចោទប្រកាន់នេះ និង អះអាងថារហូតមកទល់ បច្ចុប្បន្ន ខ្លួនបានផ្ដល់បរិក្ខាយោធាទៅឱ្យតែក្រុមកងកម្លាំងប្រជាធិបតេយ្យស៊ីរី FDS ដែលកំពុងប្រឆាំង នឹងរបបដឹកនាំលោកប្រធានាធិបតី អាស្សាដ តែប៉ុណ្ណោះ ដែលក្រុមមួយនេះទើបតែវាយយកបានទីក្រុង Minbej ជាទីក្រុងយុទ្ធសាស្រ្ដដ៏សំខាន់មួយពីពួក ISIS មកវិញ៕