(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ពិភពលោកនាពេលបច្ចុប្បន្ននេះមានសង្រ្គាមចំនួន៤ សំខាន់ៗ ដែលជាប្រកួតប្រជែងរបស់មហាអំណាច ហើយនាំឲ្យកម្ពុជាក្លាយជាតាបប៊ីយែរបស់មហាអំណាច។ ដូច្នេះកម្ពុជា-ចិន ចិន ត្រូវតែធ្វើកិច្ចសហប្រតិបត្តិការ និងចែករំលែកព័ត៌មាន ឱ្យគ្នាទៅវិញទៅមក លើគ្រប់វិស័យដើម្បីក្លាយជាត្បូងពេជ្រដ៏ល្អ នៅក្នុងបរិបទនៃការប្រកួតប្រជែងដ៏តានតឹងរបស់ពិភពលោកនេះ។
សម្រាប់លោកបណ្ឌិតសភាចារ្យ ទន្ទឹមនឹងកិច្ចសហប្រត្តិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក៏សំខាន់ខ្លាំងណាស់ដែរ។ នាពេលបច្ចុប្បន្ននេះ ប្រជាជនខ្មែរស្គាល់ចិន ស្គាល់ប្រពៃណី វប្បធម៌ចិន ប៉ុន្តែប្រជាជនចិននៅមិនទាន់ស្គាល់ពីខ្មែរច្រើននៅឡើយ។ ដូច្នេះខាងក្រសួងឃោសនាការរបស់ចិន នឹងចាប់ផ្ដើមបកប្រែវប្បធម៌របស់កម្ពុជា ជាភាសាចិន ហើយដាក់តាមកាប៉ាវយន្តហោះដើម្បីឲ្យគេស្គាល់ពីកម្ពុជា ហើយរាជបណ្ឌិត្យសភាកម្ពុជា នឹងចូលរួមលើកិច្ចការងារនេះផងដែរ។
សូមជម្រាបថា ការលើកឡើងរបស់បណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើឡើង នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នៅរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំកិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន៖ កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន» ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា៕