(កំពង់ធំ)៖ កម្លាំងនគរបាលខេត្តកំពង់ធំ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន៩នាក់ ក្រោយដេញកាប់ជនរងគ្រោះ៣នាក់ នៅតាមផ្លូវ បណ្តាលឲ្យរងរបួសខ្លះ និងខូចខាតម៉ូតូ។ ក្មេងទំនើងទាំង៩នាក់នេះ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។

លោកឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងទទួលការងារនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៧យប់ មានករណី «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» កើតឡើង១លើក ស្ថិតនៅចំណុចសាលាឃុំសំបូរ ក្នុងភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលបង្កឡើងដោយក្មេងទំនើងមួយក្រុមមានគ្នាចំនួន៩នាក់ ដោយបានស្ទាក់ផ្លូវ កាប់ និងវាយជនរងគ្រោះ ខណៈជិះម៉ូតូឌុបគ្នាទៅលេងបងប្អូន នៅស្រុកប្រាសាទបល្ល័ង្ក។

លោកបានបន្តថា ពេលជនរងគ្រោះធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏ត្រូវបានក្រុមជនសង្ស័យស្ទាក់ដេញកាប់បណ្ដាលឲ្យដួលម៉ូតូ រួចហើយនាំគ្នារត់គេចខ្លួនអស់ ទើបក្រុមជនសង្ស័យកាប់ទៅលើម៉ូតូបណ្ដាល ឱ្យខូចខាតម៉ូតូមួយគ្រឿង និងរបួសស្រាលម្នាក់។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ព្រមទាំងដោយមានការសម្របសម្រួលពីលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, កម្លាំងនគរបាលការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលស្រុកប្រាសាទសំបូរ បានប្រើប្រាស់វិធានការជំនាញ ឈានទៅឃាត់ខ្លួន ជនសង្ស័យចំនួន៩នាក់ រួមមាន៖

*ទី១៖ ឈ្មោះ សេង ភារម្យ អាយុ២០ឆ្នាំ
*ទី២៖ ឈ្មោះ ខឿន ខួច អាយុ២០ឆ្នាំ
*ទី៣៖ ឈ្មោះ ឡី លាស់ អាយុ២៣ឆ្នាំ
*ទី៤៖ ឈ្មោះ ឃីសុខឃុន អាយុ២២ឆ្នាំ
*ទី៥៖ ឈ្មោះ ជឿង ជ័យ អាយុ២១ឆ្នាំ
*ទី៦៖ ឈ្មោះ ហូវ ហ៊ា អាយុ២២ឆ្នាំ
*ទី៧៖ ឈ្មោះ ង៉ា ឃី អាយុ២០ឆ្នាំ
*ទី៨៖ ឈ្មោះ រ៉ែម សំរ៉េច អាយុ២១ឆ្នាំ
*ទី៩៖ ឈ្មោះ ឡុច ផល្លា អាយុ២០ឆ្នាំ។ ជនសង្ស័យខាងលើនេះ រស់នៅក្នុងភូមិ-ឃុំកន្លែងកើតហេតុ។

រីឯជនរងគ្រោះរួមមាន៖
*ទី១៖ ឈ្មោះ ផាន សាន អាយុ២០ឆ្នាំ (របួសស្រាល)
*ទី២៖ ឈ្មោះ ហ៊ន ថេន អាយុ២១ឆ្នាំ
*ទី៣៖ ឈ្នោះ ឃី សុភ័ក្ត្រ អាយុ១៧ឆ្នាំ រស់នៅភូមិជីនាង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ។

ក្រោយបង្ក្រាបបាន កម្លាំងនគរបាល បានដកហូតវត្ថុតាង រួមមាន៖ ដាវចំនួន១, ដំបងឈើចំនួន២ដើម និងម៉ូតូ៣គ្រឿង៕