(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកតាំងគោក នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំជីវភាពប្រចាំខែជាមួយគណបក្សស្រុកតាំងគោក និងគណបក្សឃុំទាំង៨ ដោយបានលើកយកការងារមួយចំនួនមកពិភាក្សា និងជំរុញការអនុវត្តបន្ថែម សំដៅធ្វើយ៉ាងជួយសម្រួលដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងនោះការផ្តល់សេវា សាធារណៈត្រូវតែមានការយកទុកដាក់បន្ថែមទៀត។
កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក លោកស្រី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក លោកប្រធាន និងអនុប្រធាន ក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ នៃស្រុកតាំងគោក លោកប្រធាន និងអនុប្រធានគណបក្សស្រុកតាំងគោក លោក លោកស្រីប្រធានគណបក្សឃុំទាំង០៨ សរុបប្រមាណ ១២០នាក់។
នាឱកាសនោះបន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបការងារប្រចាំខែរបស់គណបក្សស្រុកតាំងគោកពីលោក ហាក់ ម៉ុងហួត រួច លោកបណ្ឌិត ថោង ខុន ក៏បានរំលឹកឡើងវិញផងដែរ នាឱកាសថ្មីៗកន្លងមកនេះ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការ ក្រោម សម្លេងទូងស្គរគាំទ្រ និងអបអរសាទរយ៉ាងកងរំពងពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់ អាវុធ សិស្សនិស្សិត និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
លោកបណ្ឌិត ថោង ខុន ក៏បានរំលឹកនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា-ឡាវ-វៀតណាម) ដើម្បីស្រាយបំភ្លឺ ចំពោះករណីញុះញង់បំភ្លៃអំពីកិច្ចសហការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ដែលថាជាការកាត់ខេត្តកម្ពុជាចំនួន ០៤ ទៅឱ្យវៀតណាម។ សម្តេចតេជោ បានគូសបញ្ជាក់ដោយផ្អែកលើកត្តា សំខាន់ៗដូចជា៖ ការតភ្ជាប់ខាងសេដ្ឋកិច្ចដែលត្រូវពឹងផ្អែកសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ អគ្គិសនី ការផ្លាស់ប្តូរទំនិញ ទេសចរណ៍ ការផលិត និងការនាំចេញ, ការគិតគូរទៅដល់បញ្ហាសន្តិសុខ និងការពារជាតិ, ផ្តល់កិច្ចសហការលើវិស័យអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស និងសុខាភិបាល និងកិច្ចសហការគ្រប់គ្រងគ្រោះមហន្តរាយតាមព្រំដែន ពិសេសទឹកជំនន់ និងភ្លើងឆេះព្រៃផងដែរ។
ជាមួយគ្នានោះនៅក្នុងកិច្ចប្រជុំនេះដែរលោកប្រធានក្រុមការងារចុះជួយស្រុកតាំងគោក ក៏បានណែនាំឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ រួមសហការគ្នាជាមួយគណបក្សស្រុក និងគណបក្សឃុំ និងអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ខិតខំប្រឹងប្រែងដោះស្រាយនូវរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ជាពិសេសការសំណូមពររបស់ប្រជាពលនៅមូលដ្ឋាន ដោយមិនត្រូវសន្យាជាមួយប្រជាពលរដ្ឋ ហើយទុកចោលនោះឡើយ។ ក្នុងនោះបញ្ហាផ្លូវនៅតាមមូលដ្ឋានក៏ត្រូវតែជួយគិតគូរសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលទៅលក់ដូរជាដើម, ដោយឡែកចំពោះការផ្តល់សេវាសាធារណៈ ក៏ត្រូវតែបន្តពង្រឹង ឱ្យកាន់តែល្អបន្ថែមទៀត។
លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ សហការគ្នាក្នុងការចុះពិនិត្យស្ថានភាពទឹកជំនន់ និងដំណាំស្រូវរបស់ប្រជាពលរដ្ឋ, ការត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋ និងដំណាំស្រូវ ក្នុងករណីគ្រោះទឹកជំនន់កើតឡើង ជាមួយគ្នានោះការទប់ទឹកដើម្បីរក្សាទឹកទុកប្រើពេលរាំងស្ងួតក៏ត្រូវគិតគូរ, ក្នុងនោះក៏ត្រូវពិនិត្យ និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់របស់ ប្រជាពលរដ្ឋមូលដ្ឋាន។
ជារឿយៗលោកបណ្ឌិត ក៏មិនភ្លេចដែរក្នុងការណែនាំឱ្យក្រុមការងារក្តាប់ឱ្យបានជាប់អំពីសតិអារម្មណ៍នយោបាយ ការគ្រប់គ្រងសាធារណមតិ និងធ្វើការវាយបកឱ្យទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ ញុះញង់ មួលបង្កាច់ បំពុលសង្គមរបស់ពួកប្រឆាំង, ការពង្រឹងការគ្រប់គ្រង និងពង្រីកសមាជិកបក្ស (រក្សាចាស់ បង្កើនថ្មី យកចិត្តទុកដល់កម្លាំងយុវជន) ការបន្តចុះជាប់ដល់មូលដ្ឋានភូមិ ក្រុមបក្ស គ្រួសារបក្ស ខ្នងផ្ទះ និងសមាជិកបក្ស និងការបន្តចិញ្ចឹមចលនាបក្សនៅមូលដ្ឋានអោយបានកាន់តែសកម្មថែមទៀត៕