(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការគ្រប់គ្រងកងទ័ពជើងគោក នៃប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (INDO-PACIFIC ARMIES / MANAGEMENT SEMINAR) ក្រោមប្រធានបទ «ប្រតិបត្តិការអន្តរវុធ និងយោធាចម្រុះ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក» (JOINT AND COMBINED OPERATIONS IN THE INDO-PACIFIC REGION) នៅក្រុងណាឌី ប្រទេសហ្វីជី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងឱកាសចូលរួមសិក្ខាសាលាននេះ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ CHARLES A. FLYNN មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក និងនាយឧត្ដមសេនីយ៍ MORISHITA YASUNORI មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន។
គូសបញ្ជាក់ផងដែរ សិក្ខាសាលាស្តីពី ការគ្រប់គ្រងកងទ័ពជើងគោក នៃប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (INDO-PACIFIC ARMIES MANAGEMENT SEMINAR) ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកនៃប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការចែករំលែកបទពិសោធន៍ និងទស្សនៈ ក្នុងគោលបំណងថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ជាពិសេសលើកកម្ពស់យន្តការ ឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកជំហរ៕