(ភ្នំពេញ)៖ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បញ្ហាមួយចំនួនដែលធ្លាប់កើតឡើងដំបូងៗពាក់ព័ន្ធនឹងសេវា ប.ស.ស ត្រូវបានដោះស្រាយហើយ។

លោកអះអាងថា កាលពីដំបូង នៅពេលចាប់ផ្ដើមរបស់ ប.ស.ស គឺមានការត្អូញត្អែរពីសំណាក់ប្រជាពលរដ្ឋមួយចំនួនលើការផ្ដល់សេវា នៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូរបស់ ប.ស.ស។ ប៉ុន្តែក្រោយពីបានទទួលដំណឹងនេះ ក្រុមការងារ ប.ស.ស បានចុះទៅពន្យល់នៅតាមមូលដ្ឋានសុខាភិបាល និងអញ្ជើញតំណាងសុខាភិបាល ដើម្បីប្រជុំពិភាក្សាអំពីបញ្ហានេះ និងដោះស្រាយរួចរាល់ហើយ។

ការលើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News បង្ហាញពីវឌ្ឍនភាពការងារ ប.ស.ស នៃរយៈពេល៧ ខែចុងក្រោយនេះ។

បើតាមលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ, ក្រុមការងារ ប.ស.ស បានធ្វើការផ្សព្វផ្សាយទៅដល់សមាជិក ប.ស.ស ទាំងអស់ឲ្យបានជ្រាបថា ការផ្ដល់សេវា ប.ស.ស នៅតាមមូលដ្ឋានទទួលបានអទិភាពដូចប្រជាពលរដ្ឋដែលបង់ថ្លៃសេវាទូទៅដែរ ដែលតម្រូវឲ្យមានការរង់ចាំតាមលេខរៀង។ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានគូសបញ្ជាក់ថា ចំពោះករណីសង្គ្រោះបន្ទាន់ និងករណីធ្ងន់ធ្ងរ គឺខាងក្រុមការងារនឹងអនុវត្តឲ្យមានការសង្រ្គោះភ្លាមៗមុនតែម្ដង។

បច្ចុប្បន្នក្រុមការងារ ប.ស.ស បានបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលទៅទទួលសេវា ប.ស.ស នៅតាមមូលដ្ឋាន។ ជាងនេះទៅទៀត ក្រុមការងារ ប.ស.ស បានសង្កេតឃើញថា ការត្អូញត្អែររបស់ប្រជាពលរដ្ឋស្ទើរតែមិនមានទៀតនោះទេ និងមានប្រជាពលរដ្ឋមួយចំនួនធំពេញចិត្ត នឹងការផ្ដល់សេវានេះ ព្រមទាំងមានការកើនឡើងជាកំហុក នៃការចុះឈ្មោះធ្វើប័ណ្ណសមាជិក ប.ស.ស។

ជាមួយគ្នានេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឲ្យសមាជិក ប.ស.ស ទាំងអស់ មន្រ្តីរាជការសាធារណៈក្ដី វិស័យឯកជនក្ដី និងបុគ្គលស្វ័យនិយោជន៍ក្ដី អាចនាំសមាជិកក្រុមគ្រួសារដែលមានអាយុក្រោម ៦០ឆ្នាំមកចុះបញ្ជី ប.ស.ស ដើម្បីទទួលបានសេវាថែទាំយ៉ាងល្អប្រសើរ ក៏ដូចជាបង្ការទុកជាមុននូវរាល់ជម្ងឺផ្សេងៗដែលបង្កឡើងជាយថាហេតុ។

លោកបន្ដថា សម្រាប់ប្រជាពលរដ្ឋដែលចង់ទំនាក់ទំនងសាកសួរព័ត៌មាន និងផ្ដល់មតិយោបល់ទៅកាន់ បេឡាជាតិរបបសន្តិសុខសង្គម លោកអ្នកអាចធ្វើការទាក់ទងទៅកាន់លេខទូរសព្ទ 1286 និង 1297។ បន្ថែមពីនេះលោកអ្នកអាចទាក់ទងទៅកាន់គេហទំព័រហ្វេសបុកផ្លូវការរបស់ ប.ស.ស និងតេឡេក្រាមរបស់ ប.ស.ស៕