(ទីក្រុងវៀងចន្ទន៍)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលចូលរួម កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក (16th ASEAN Health Ministers Meeting and Related Meetings : ASEAN-U.S.) ដែលមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសទីម័រឡេស្តេ ជាមួយសហរដ្ឋអាមេរិក នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។

កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសុខាភិបាលអាស៊ានសហរដ្ឋអាមេរិកធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពសម្រាប់ប្រជាជាតិសហគមន៍អាស៊ាន និងសហរដ្ឋអាមេរិក រួមទាំងការត្រៀមលក្ខណៈក្នុងការឆ្លើយតបជំងឺរាតត្បាត លើកកម្ពស់សមភាពនៃការទទួលបានសេវាសុខភាព ការឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ការប្រែប្រួលអាកាសធាតុ និងដើម្បីគាំទ្រដល់ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍជំនាញដើម្បីដោះស្រាយឧបសគ្គនាពេលអនាគត។

ក្នុងបទអន្តរាគមន៍ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងអំពីភាពជាដៃគូអាស៊ាន-អាមេរិក ដែលពិតជាបានបង្ហាញឱ្យឃើញនូវគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបានក្នុងការដោះស្រាយបញ្ហាប្រឈមបញ្ហា សុខភាពរួមគ្នា ដោយផ្តោតលើគំនិតផ្តួចផ្តើមសំខាន់ៗ ក្រោមគោលដៅចម្បងនៃការពង្រឹងប្រព័ន្ធសុខាភិបាលសម្រាប់ឆ្លើយតបនឹងគ្រោះអាសន្នសុខភាពសាធារណៈ ការពង្រឹងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងវិបត្តិសុខភាព ដើម្បីកសាងអនាគតដែលមានសុខភាពល្អ និងមានភាពធន់ជាងមុនសម្រាប់ប្រជាជនទាំងអស់។

អង្គប្រជុំបានអនុម័តលើផែនការ នៃកិច្ចសហប្រតិបត្តិការសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក ដែលផ្តោតលើកិច្ចការអាទិភាពមួយចំនួនដូចជា ការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ និងឆ្លើយតបរួមគ្នាវិបត្តិសុខភាព ពង្រឹងកិច្ចសហប្រតិបត្តិការគម្រោងសុខភាពតែមួយ គាំទ្របណ្តាញសុខភាពតែមួយអាស៊ាន និងផែនការសកម្មភាពរួម កិច្ចសហការសុខភាពផ្លូវចិត្ត ការអភិវឌ្ឍគោលនយោបាយ និងអន្តរាគមន៍តាមសហគមន៍ អនុវត្តបច្ចេកវិជ្ជាសុខាភិបាលឌីជីថល ដើម្បីបង្កើនការថែទាំសុខភាព ការកសាងសមត្ថភាពធនធានមនុស្សសុខាភិបាល លើកកម្ពស់សមធម៌សុខភាព និងការទទួលបានការថែទាំ។

តាមរយៈសេចក្តីថ្លែងការណ៍រួម ដែលបានឯកភាពគ្នា សហរដ្ឋអាមេរិក នឹងជួយដល់មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាព និងសង្គ្រោះបន្ទាន់ ក៏ដូចជាប្រព័ន្ធសម្របសម្រួលសុខភាពសាធារណៈអាស៊ាន ដែលនឹងជួយជំរុញការត្រៀមខ្លួនក្នុងតំបន់ ក្នុងការឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈនាអនាគត៕