(កំពត)៖ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមជាអធិបតីប្រកាសតែងតាំងមុខតំណែងអភិបាលរងខេត្តកំពតថ្មី ចំនួន ០៣នាក់ គឺលោក មឿង គង្គា, លោកស្រី មុយ វិរ័ត្ន និងលោក ខាន់ សុខា ជំនួសលោកអភិបាលរងខេត្តកំពត ចំនួន០៣នាក់ ដែលត្រូវផ្លាស់ទៅកាន់ អភិបាលរងខេត្ត និងស្ថាប័នកន្លែងផ្សេង។

ពិធីប្រកាសតែងតាំងមុខតំណែងថ្មីរបស់អភិបាលរងខេត្តថ្មី ចំនួន៣នាក់ខាងលើ បានប្រព្រឹត្តរៀបចំធ្វើឡើង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត។ ដោយមានការចូលរួមពីសំណាក់ប្រតិភូអមដំណើរ, លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត, លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងជួរថ្នាក់ដឹកនាំ នៃមន្ទីរ ស្ថាប័ន អង្គភាពកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ថ្លែងនាឱកាសនោះ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានលើកឡើងថា នេះជាឆ្នាំដំបូង នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ជាបន្តទៀត។ អាស្រ័យដូចនេះ នៅឆ្នាំ២០២៤ ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវរួមគ្នាពង្រឹងការប្តេជ្ញាចិត្ត ដើម្បីសម្រេចឱ្យបាន នូវទិសដៅការងារជាអាទិភាពចំនួន៤ រួមមានទ៖

*ទី១៖ បន្តប្តូរផ្តាច់ការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងលើកស្ទួយនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។

*ទី២៖ បន្តជំរុញលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស លើមូលដ្ឋាននៃការ ធានាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ដោយត្រូវផ្សារភ្ជាប់ដំណើរការប្រជាធិបតេយ្យ ជាមួយការថែរក្សាការពារឱ្យបាននូវអត្តសញ្ញាណជាតិ សេចក្តីថ្លៃថ្នូរ ប្រពៃណី ទំនៀមទំលាប់ ដ៏ល្អរបស់ជាតិ និងការកសាងភាពសុខដុមរមនាក្នុងសង្គម។

*ទី៣៖ បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា ដែលបានកំណត់ក្នុងកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ បញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះរួមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗបន្ថែមទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធ៌ម និងចីរភាព និងបរិយាប័ន្ន។

*ទី៤៖ ខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការផ្តល់ផលប្រយោជន៍នានា ពីការអភិវឌ្ឍ ការផ្តល់នូវកិច្ចគាំពារផ្នែកសង្គមប្រកបដោយសមធម៌ និងការខិតខំដោះស្រាយបញ្ហាប្រឈម សំណើរសំណូមពរនានា របស់ប្រជាពលរដ្ឋ សំដៅធានាលើកកម្ពស់ការចូលរួម និងភាព ជាម្ចាស់របស់ប្រជាពលរដ្ឋ លើកិច្ចការគ្រប់វិស័យក្នុងសង្គម។

ទន្ទឹមនេះ លោក ម៉ៅ ច័ន្ទតារា ក៏បានសំដែងនូវការអបអរសាទរចំពោះលោក មឿង គង្គា លោកស្រី មុយ វិរ័ត្ន និងលោក ខាន់ សុខា ដែលទទួលការតែងតាំងមុខតំណែង ជាអភិបាលរងខេត្តកំពតថ្មី លោកសង្ឃឹមជឿជាក់ថា នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានខេត្តកំពត ឱ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

គួរបញ្ជាក់ថា អភិបាលរងទើបតែប្រកាសតែងតាំងថ្មី ចំនួន ៣រូប គឺលោក មឿង គង្គា មកពីប្រធានមន្ទីរផែនការខេត្តកំពត, លោកស្រី មុយ វិរ័ត្ន មកពីនាយករងរដ្ឋបាលសាលាខេត្តកំពត និងលោក ខាន់ សុខា មកពីអភិបាលរងខេត្តតាកែវ ជំនួស លោក នៃ គង់ អតីតអភិបាលរងខេត្តកំពត ត្រូវផ្ទេរផ្លាស់ទៅជាអភិបាលរងខេត្តព្រះសីហនុ, លោកស្រី យូ សុគន្ធ អតីតជាអភិបាលរងខេត្តកំពត ត្រូវផ្ទេរផ្លាស់ទៅជាប្រធានមន្ទីរសុខាភិបាលខេត្តកំពត និងលោក ស៊ីវ ផេង អតីតជាអភិបាលរងខេត្តកំពត ដល់អាយុចូលនិវត្ត ត្រូវផ្ទេរទៅជាសមាជិកក្រុមប្រឹក្សាខេត្តកំពត៕