(កណ្តាល)៖ លោក យុិនទៀង ពុទ្ធិរិទ្ធ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) គ៧៨ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំពុទ្ធបរិស័ទនាំយកទៀនព្រះវស្សា ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះវិហារលើ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

ទៀនព្រះវស្សា ទេយ្យទាន និបច្ច័យដែលនាំមកប្រគេនព្រះសង្ឃរួមមាន៖ ទៀន ១គូ ទឹកបរិសុទ្ធ ១០កេស ទឹកត្រី១០យួរ​ ទឹកស៊ីអុវ១០យួរ អង្ករ​ចំនួន​ ៥បាវ​ ត្រីខ ១០ដុំ រួមជាមួយភេសជ្ជៈមួយចំនួនទៀត។ ព្រមទាំងប្រគល់ថវិកា រួមទាំងក្រណាត់ស ក្រមា ច្រាស់ដូសធ្មេញ សាប៊ូ ប្រេងកូឡាជូនលោកតា លោកយាយ៥០នាក់ និងក្មេងៗចំនួន៣០នាក់ផងដែរ។

បន្ទាប់ពីបានធ្វេីកិច្ចវេរព្រគេនព្រះសង្ឃរួចរាល់​, លោក យុិនទៀង ពុទ្ធិរិទ្ធ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតចំពោះវឌ្ឍនភាព និងសុខដុមនីយកម្មសាសនា ហើយក្នុងនោះវិស័យពុទ្ធចក្រ និងអាណាចក្រ ក៏មានការរីកចម្រើន ទន្ទឹមគ្នាក្រោមបរិយាកាសសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យដែលជាចលករធ្វើ អោយពុទ្ធបរិស័ទមានជីវភាពធូរធារ និងបានចូលរួមកសាងទីវត្តអារាមឱ្យមានការរីកចម្រើនជាលំដាប់។

លោកក៏បានណែនាំដល់ព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ លោកតា លោកយាយ គ្រប់វត្ត ដែលតែងតែអុជធូប ទៀន ជាពិសេសទៀនព្រះវស្សានៅក្នុងអំឡុងពេលកាន់ព្រះវស្សាខាងមុខនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ទៅលើសុវត្ថិភាពដើម្បីចៀសវាងនូវឧបហេតុ ឬក៏គ្រោះអគ្គីភ័យផ្សេងៗដែលអាចបង្កការខូចខាតដល់វត្តអារាម។

«បុណ្យចូលព្រះវស្សា» គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាត អស់រយៈពេល ៣ខែ (មួយត្រីមាស) ក្នុងវស្សានរដូវ ចាប់ពីថ្ងៃ ១រោច ខែអាសាឍតទៅ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវ មិនឱ្យដាច់វស្សាឡើយ។ ចំណែកឯពុទ្ធបរិស័ទជា ទាយកទាយិកា ឧបាសកឧបាសិកា អ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានេះដែរ ជាពិសេសគឺចាត់ចែងសំពត់សម្រាប់ងូតទឹកភ្លៀង ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំង ប្រេងកាត ទៀន ធូប ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ យកទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។

សូមបញ្ជាក់ថា ថេរវេលានៃការចាំព្រះវស្សា ៣ខែនេះ ជារយៈពេលមួយមានតម្លៃពិសេស ព្រោះវាជាសញ្ញាដាស់ស្មារតី បព្វជិតពុទ្ធសាសនិកឱ្យបង្កើនសេចក្ដីព្យាយាម បំពេញគន្ថៈធុរៈក្ដី វិបស្សនាធុរៈក្ឱ្យបានខ្លាំងក្លាជាងពេលណាៗទាំងអស់។ រីឯឧបាសក ឧបាសិកា ក៏បានមើលឃើញច្បាស់អំពីខ្លឹមសារ នៃការចាំព្រះវស្សារបស់ភិក្ខុសង្ឃដែរ៕