(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ក្រៅពីកត្តាប្រវត្តិសាស្រ្ត កម្ពុជា-ចិន ក៏មានទំនាក់ទំនងតាមរយៈធម្មជាតិ និងវប្បធម៌ផងដែរ ហើយការហូរចូលនូវវប្បធម៌ចិនក្នុងសង្គមខ្មែរ អសរ់រយៈពេលយ៉ាងយូរ និងចាក់ចូលជ្រៅដោយមិនដឹងខ្លួន បានធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា-ចិន ក្លាយជាមិត្តដ៏ល្អក្នុងរយៈពេលវែង។

ការលើកឡើងរបស់បណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើឡើង នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នៅរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំកិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន៖ កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន» ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

បើតាមការបញ្ជាក់ពីបណ្ឌិតសភាចារ្យ សុខ ទូច មានធម្មជាតិ និងវប្បធម៌ចំនួន៥ចំណុច ដែលធ្វើឲ្យកម្ពុជា-ចិន មានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ ដោយនៅក្នុងនោះមានដូចជា៖ «ទន្លេមេគង្គ បានឲ្យប្រជាជនទាំង២ប្រទេសទទួលទានទឹក និងមច្ឆា រួមគ្នាបើទោះជាប្រទេសទាំង២ នៅឆ្ងាយពីគ្នាក៏ដោយ, ទី២ គឺការចាក់ចូលនូវវប្បធម៌របស់ចិន នៅកម្ពុជា យើងចូលទៅដល់ផ្សារគេហៅអាទ្រី អាចឹក អាហ៊ា ហើយពេលសែនម្ដងៗពេលចូលឆ្នាំម្ដងៗ ខ្មែរសែនទាំងអស់ តាមរបៀបចិន, ទី៣ ពីមុនខ្មែរទទួលទាននឹងដៃ តែចិនបានចាក់ចូលវប្បធម៌មកទទួលទាននឹងចង្កឹះ, ទី៤ ខ្មែរញ៉ាំនំបញ្ចុក ប្ដូរមកគុយទាវ, ទី៥ ខ្មែរញ៉ាំអន្សមប្ដូរមកញ៉ាំនំប៉ាវ»

ទាំងអស់នេះហើយគឺជាវប្បធម៌ខ្មែរចាក់ចូលជ្រៅ ហើយទទួលដោយមិនដឹង ហើយបច្ចុប្បន្ននេះ ដូចគ្នាការទទួលនូវវប្បធម៌នេះហើយ ដែលធ្វើឲ្យមិត្តភាពកម្ពុជា-ចិន កាន់តែមានការរីកចម្រើនទេ្វឡើង ហើយចាក់ចូលឈាមនេះហើយ ដែលធ្វើឲ្យយើងក្លាយជាមិត្តដ៏ល្អ និងមានរយៈពេលវែង។ នេះគឺជាការបញ្ជាក់បន្ថែមរបស់បណ្ឌិតសភាចារ្យ សុខ ទូច។

សូមបញ្ជាក់ថា បណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងចិនដែលមានប្រវត្តិជាយូរលង់ណាស់មកហើយ។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំងពីរ តែងពូនជ្រុំរក្សាទំនាក់ទំនងឱ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ចសន្ទនានាពេលនេះ គឺជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំទ្វេឡើង។