(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ លោក វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង តំណាងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចុះពិនិត្យការព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណជាង ៦០០០នាក់ដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅស្រុកពារាំង។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក វង្ស ពិសេន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការផ្តល់សម្ភារៈ ថវិកា បង្ហាញពីទឹកចិត្តសប្បុរសធម៌ និងរួមចំណែកជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋបានមួយកម្រិត ពិសេសនៅពេលជំងឺជាសះស្បើយ ប្រជាពលរដ្ឋអាចមានលទ្ធភាពក្នុងការប្រកបរបរចិញ្ចឹមជីវិតបានល្អប្រសើរផងដែរ។

លោកប្រធានក្រុមការងារ បានបញ្ជាក់ថា សុខភាពល្អ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ដោយហេតុនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ដើម្បីជៀសផុតពីជំងឺដង្កាត់ទាំងឡាយ។

នៅក្នុងឱកាសនោះដែរ លោកក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីល្បិចកលរបស់ក្រុមអគតិ ស្ថិតក្រោមឥទ្ធិពលមេខ្លោងក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានលើកឡើងអំពីគម្រោងជីកព្រែកហ៊្វូណនតេជោ និងគំរោងអភិវឌ្ឍន៍តំបន់ត្រីកោណ ថាធ្វើឲ្យបាត់បង់ទឹកដី និងបម្រើឲ្យផលប្រយោជន៍បរទេសជាដើម។

លោកបានបញ្ជាក់ថា ការជីកព្រែកហ៊្វូណនតេជោ និងគំរោងអភិវឌ្ឍន៍តំបន់ត្រីកោណ គឺជាគម្រោងការណ៍របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយក៏បានធ្វើការពន្យល់សព្វគ្រប់ហើយពីក្រុមអ្នកជំនាញ ប៉ុន្តែក្រុមប្រឆាំងនៅតែបន្តធ្វើគធ្វើថ្លង់ និងបង្កើនការផ្សាយព័ត៌មានប្រឌិតនានា ដើម្បីកេងចំណេញខាងនយោបាយ។

លោកបន្តថា កត្តាប្រវត្តិសាស្ត្រក្នុងសម័យតេជោ ហ៊ុន សែន និងកំពុងបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានខិតខំការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានរឹងមាំ និងប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលជាច្រើនសម័យមកហើយមិនដែលមានទេ ទើបតែមានក្នុងសម័យតេជោ មានទាំងការស្ថាបនាផ្លូវនៅតាមខ្សែក្រវាត់ព្រំដែនថែមទៀតផង៕