(កំពង់ចាម)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានណែនាំដល់អាជ្ញាធរ និងក្រុមការងាររាជរដ្ឋាភិបាល ត្រូវបន្ដរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅបន្ដរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានចាត់ទុកថា ការរៀបចំវេទិកាសាធារណៈនេះ ជារឿងចាំបាច់បំផុតដែលត្រូវអនុវត្ត ហើយប្រធានបទត្រូវផ្លាស់ប្ដូរតាមកាលៈទេសៈ។

បើតាមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន, តាមរយៈវេទិកាសាធារណៈនេះ អាជ្ញាធរ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រៅពីដោះស្រាយទុកកង្វល់ ក៏អាចផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលបានផងដែរ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា ការរៀបចំវេទិកាសាធារណៈនេះ គឺមិនចាំបាច់ទ្រង់ទ្រាយធំដែលមានពលរដ្ឋច្រើនចូលរួមនោះទេ ពោលត្រូវធ្វើក្នុងរូបភាពសមល្មម តែអាចដោះស្រាយកង្វល់បានយ៉ាងមានប្រសិទ្ធ ហើយកុំឲ្យប៉ះពាល់ដល់ពេលវេលានៃការប្រកបរបរទទួលទានរបស់ប្រជាពលរដ្ឋ។ នៅពេលរៀបចំ ត្រូវរៀបចំបញ្ជូនមន្ដ្រីជំនាញទៅជាមួយដើម្បីជាចំណែកក្នុងការដោះស្រាយ។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានណែនាំដល់អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ទាំងមធ្យោបាយ និងសម្ភារៈ ដើម្បីជួយអន្ដរាគមន៍ដល់ប្រជាពលរដ្ឋក្នុងជួបបញ្ហាគ្រោះធម្មជាតិ។ លើសពីនេះ អាជ្ញាធរត្រូវកែប្រែឥរិយាបថ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ជៀសវាងការថ្នាំងថ្នាក់ជាមួយពួកគាត់។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជំរុញឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវជួយពង្រឹងដល់អាជ្ញាធរថ្នាក់ក្រោមជាតិ លើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ លុបបំបាត់ក្មេងទំនើង ល្បែងស៉ីសងគ្រប់ប្រភេទ ដែលជាក្ដីកង្វល់របស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ លោកបានពន្យល់ថា ត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋត្រូវម្ចាស់ការចូលរួមសហការជាមួយអាជ្ញាធរផងដែរ។

ដោយឡែក សម្រាប់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវិញ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំឲ្យបន្ដប្រកាសសមាសភាពក្រុមការងារថ្នាក់ភូមិ និងឃុំ ដែលនៅសេសសល់ដើម្បីមានឱកាសចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការងារបម្រើ និងបំពេញសេចក្ដីត្រូវការជូនប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ក្រុមការងារគ្រប់លំដាប់ថ្នាក់បានចុះ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ បានចំនួន ១១៥លើក ដែលមានអ្នកចូលរួមចំនួន២៤,៩៩៥នាក់ ដោយរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកអំណោយផ្សេងៗ ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ គ្រោះអគ្គិភ័យ និងប្រជាពលរដ្ឋទីទ័លក្រគ្មានទីពឹងជាដើម៕