(ភ្នំពេញ)៖ ឧបករណ៍កសិកម្មបែបទំនើប រួមមាន ឧបករណ៍សម្រាប់ភ្ជួររាស់​ ជ្រោយដី សាប់ដី កាត់ស្មៅ​ ឧបករណ៍ពូនរងដាក់​ជីគ្របកៅរាយទុយោដំណក់ទឹក​ ដាំដំឡូង ពោត ស្រូវ ​បាញ់ថ្នាំ​ និងឧបករណ៍ផ្សេងៗទៀត ត្រូវបានកែច្នែឡើង ដោយរោងជាងកែច្នៃឧបករណ៍កសិកម្មឬស្សីកែវ ​ ​ដើម្បីជំរុញឱ្យការធ្វើកសិកម្មនៅកម្ពុជា កាន់តែទំនើប និងងាយស្រួលជាងមុន។

បច្ចុប្បន្ននេះ ឧបករណ៍កសិកម្មទាំង ត្រូវបានចែកចាយទៅដល់កសិករនៅគ្រប់ខេត្តក្រុង ដែលជួយឱ្យការដាំដុះរបស់ពួកគាត់កាន់តែលឿន ចំណេញពេលវេលា និងថវិកា ព្រមទាំងទទួលបានទិន្នផលខ្ពស់។

​រោងជាងកែច្នៃឧបករណ៍កសិកម្មឬស្សីកែវ ត្រូវបានបង្កើតឡើង ដោយ លោក អ៊ូ​ ឈឿមឡារ៉ាណូ​ ​តាំងពីឆ្នាំ១៩៩៦។ មុនបង្កើតសិប្បកម្មនេះ លោកគឺជាមន្រ្តីរាជការ ផ្នែកជាងក្រឡឹង។ ដោយសារការចូលចិត្តកែច្នៃឧបករណ៍ផ្សេងៗ ជាពិសេសឧបករណ៍កសិកម្ម បានជំរុញឱ្យលោកព្យាយាមសិក្សារៀនសូត្រ ច្នៃប្រឌិតបន្ថែម រហូតឈានដល់ការបង្កើតរោងជាងកែច្នៃឧបករណ៍កសិកម្មនេះឡើង។ ឧបករណ៍ដំបូងដែលលោកកែច្នៃ​ គឺនង្គ័ល និងរនាស់សម្រាប់ភ្ជាប់ជាមួយត្រាក់ទ័រសម្រាប់ភ្ជួររាល់ដី។

សិប្បកម្មកែច្នៃឧបករណ៍កសិកម្មដែលបង្កើតឡើងដោយកូនខ្មែរមួយនេះ បានកែច្នៃឧបករណ៍កសិកម្មជាច្រើន ក្នុងការជួយសម្រួលដល់ការធ្វើកសិកម្ម​ ដែលមានដូច ឧបករណ៍នង្គ័ល​ រនាស់​ លេីករង​ដាក់​ រនាស់សាប់ជ្រោយដី​ ប៉ែលរុញ​ អំបោសបោសថ្នល់​ កាត់ស្មៅ​ ក្រឡុកចំណីគោ​ បាចជី​ កប៉ុសិ៍​ ដាំពោត​ ស្រូវ​ ដាំដំឡូង​មីដេីមឈេី​ ព្រួសស្រូវ​ ប៉ុងខួងដី ជាដេីម​ ។

ក្នុងរយៈពេល៣០ឆ្នាំដែល​​ លោក អ៊ូ​ ឈឿមឡារ៉ាណូ​ បានកែច្នៃឧបករណ៍កសិកម្មនេះឡើង លោកបានឱ្យតម្លៃជាចម្បងទៅលើគុណភាព ហេតុដូច្នេះហើយ ទើបផលិតផលដែលកែច្នៃដោយជាងខ្មែរមួយនេះ ទទួលបានបានគាំទ្រយ៉ាងខ្លាំងពីប្រជាកសិករ។

​ស្ថិតក្នុងវ័យ៦១ឆ្នាំ លោក អ៊ូ​ ឈឿមឡារ៉ាណូ នឹងបន្តមុខរបរនេះ ទៅដល់កូនចៅ និងមានបំណងពង្រីកការកែច្នៃឧបករណ៍កសិកម្មនេះ បន្ថែមទៀត ដើម្បីបង្កើនការផលិតឧបករកសិកម្មបែបទំនើប ជួយសម្រួលដល់ការធ្វើកសិកម្មនៅកម្ពុជា ខណៈបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យកសិកម្ម។

រោងជាងផលិតឧបករណ៍កសិកម្មឬស្សីកែវ មានទីតាំងស្ថិតនៅភូមិទី៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទលេខ 012879932 098879932 097 7879932៕