(សៀមរាប)៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំក្រុមការងារដាំដើមឥន្ធនេល ចំនួន ១៦០០ដើម បានដាំនៅអមសងខាងវិថីសម្តេចតេជោ ហ៊ុន សែន សន្តិភាព ។

ការដាំដើមនៅអមសងខាងវិថីសម្តេចតេជោ ហ៊ុន សែន សន្តិភាព គឺចាប់ពីកែងក្រោលសេះ ដល់ផ្លូវជាតិលេខ៦ និងដើមក្ងោក ចំនួន ២០០ដើម ។ និងក្រោមការគាំទ្ររបស់សមាគមសហគ្រិនស្ត្រីកម្ពុជា បានដាំនៅអមសងខាងវិថីមិត្តភាពកម្ពុជាកូរ៉េ ចាប់ពីស្តុបអនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន គ្រួស ដល់ស្ថាននីយ៍ឥន្ធនៈ ណាវី បត់ឆ្វេងតាមផ្លូវ២២ម៉ែត្រ រហូតដល់មុខវត្តគោកប៉ាទ្រី។

សូមបញ្ជាក់ថា៖ រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការដាំដើមឈើនៅតាមដងផ្លូវក្នុងក្រុង ឱ្យបានចំនួន១ម៉ឺនដើម ក្នុងរយៈពេល២ឆ្នាំ។

ក្នុងពិធីបើកយុទ្ធនាការដាំដើមឈើនេះ លោក អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តាំផ្ញេីបងប្អូនប្រជពលរដ្ឋនាំគ្នាជួយថែរក្សា ដើម្បីឱ្យខេត្តសៀមរាបមានភាពស្រស់បំព្រង និងទៅជាខេត្តបៃតងនាពេលខាងមុខ ៕