(កំពង់ចាម)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាម ដឹកនាំដោយលោក ជួន សុជាតិ ប្រធានសាខា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរួមសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យចំណីអាហារផលិតផល កំប៉ុង និងគ្រឿងសមុទ្រ ដែលដាក់លក់នៅក្នុងផ្សារធំកំពង់ចាម ទីរួមខេត្តកំពង់ចាម។
លោក ជួន សុជាតិ ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា ការចុះត្រួតពិនិត្យទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននឹងកំពុងដាក់តាំងលក់នៅតាមផ្សារធំកំពង់ចាម ដូចជា រួមទាំងផលិត ផលចំណីអាហារ រួមមាន បង្គារ មឹក សរសៃគុយទាវ សរសៃមី បន្លែស្រស់ជាដើម ដែលកំពុងចរាចរ ដាក់លក់នៅ លើទីផ្សារនោះ ជាលទ្ធផលគឺរកមិនឃើញចំណីអាហាររឺគ្រឿងកំប៉ុងណាមួយ មានសារធាតុគីមីហាមឃាត់ឡើយ។
មិនតែប៉ុណ្ណោះ មន្រ្តីកាំកុងត្រូល របស់ ក៏បានត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់សម្រាប់ព្រះ សង្ឃ ដូចជា ស្លាដក់ជាដើម ដើម្បីពិនិត្យកាលបរិច្ឆេទ ឲ្យបានត្រឹមត្រូវ។
ជាមួយគ្នានោះ លោកក៏បានធ្វើការណែនាំដល់អ្នកលក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណ ប្រភពអាស័យដ្ឋានរបស់អ្នកដែល យកមកលក់ឲ្យខ្លួន ឬរក្សាទុកនូវវិក្កយបត្រទូទាត់ ឲ្យបានត្រឹមត្រូវជាព័ត៌មាន ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់សមត្ថកិច្ចកាំកុងត្រូល ក្នុងការចុះស្រាវជ្រាវ និងតាមដានបន្ត នឹងមានវិធានការ ទៅតាមផ្លូវច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផលទាំងនោះ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងកាន់តែច្បាស់អំពីផលវិបាក ដែលបណ្តាលការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។
លោក ជួន សុជាតិ ក៏បានសំណូមពរដល់អាជីវករទាំងអស់ សូមកុំខឹងមន្រ្តីរបស់លោក ដែលចុះទៅពិនិត្យ និងដកហូតទំនិញខូចគុណភាពទាំងនោះ ព្រោះថាបើមិនដកហូតទេ មិនដឹងថា ប្រជាពលរដ្ឋ ប៉ុន្មាននាក់ដែលនឹងទទួលទានផលិតផលនេះហើយបណ្តាលឲ្យខូចសុខភាពនោះឡើយ។
លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕