(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងជាអនុប្រធានទី១ គណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម អមដំណើរដោយ លោក-លោកស្រី ប្រធាន ជាប្រធាន-អនុប្រធាន និងសមាជិកនៃគណៈពង្រឹងមូលដ្ឋានឃុំទាំង០៨ នៃស្រុកល្វាឯម ខេត្តកណ្តាល បានអញ្ចើញចូលរួមពិធីកាន់បិណ្ឌ វេនទី៧ នៅវត្តពោធិមាស ស្ថិតក្នុងឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ដោយបាននាំយកនូវចង្ហាន់ ទេយ្យទាន ដើម្បីឧទ្ទិសថ្វាយ និងប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមទីវត្ត អារ៉ាមចំនួន ០៨ ស្ថិតក្នុងឃុំពាមឧកញ៉ាអុង, ឃុំអរិយក្សត្រ, ឃុំសារិកាកែវ, ឃុំបារុង, ឃុំកោះរះ, ឃុំព្រែកក្មេង, ឃុំថ្មគរ និងឃុំព្រែករៃ និងឧទ្ទិសថ្វាយចំពោះវិញ្ញាណក្ខន្ធបុព្វការីជន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ។
 
ក្នុងឱកាសនោះដែរ លោក គង់ វិបុល អនុប្រធានទី១ គណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម បានមានមតិសំណេះសំណាលជាមួយពុទ្ធបរិស័ទ ចំណុះជើងវត្ត លោកយាយជី លោកតាជី បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌទី ៧ នៅក្នុងវត្តពោធិមាស និងបានបំពេញនូវសំណូមពរ របស់ប្រជាពលរដ្ឋដែលជួប ការលំបាកក្នុងការធ្វើដំណើរ នៅទីនេះដោយលោក បានទទួលកសាងផ្លូវលំសម្រាប់តភ្ជាប់ ពីផ្លូវធំចូលទៅវត្តពោធិ៍មាស ដើម្បីជួយសម្រូលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ជាពិសេស នៅរដូវវស្សា ដែលមានសភាពលំបាកខ្លាំង។

ព្រមជាមួយនេះដែរ លោកអនុប្រធានទី១ គណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម និងសហការី បាននាំយកអំណោយមនុស្សធម៌ រួមមាន ក្រណាត់ស ថ្នាំពេទ្យ និងបច្ច័យមួយចំនួន ចែកជូនពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងលោកយាយជី លោកតាជី និងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ៕