(កំពត)៖ គណៈទន្តពេទ្យកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយដែនកំណត់ វិជ្ជាជីវៈបទដ្ឋាន និងនិយាមវិជ្ជាជីវៈទន្តសាស្ត្រ ដល់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រនៅខេត្តកំពត។

សិក្ខាសាលានេះរៀបចំឡើងក្រោមការចូលរួមពី លោកទន្តបណ្ឌិតឯកទេស ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា, ឯកឧត្តមសុខុម រិទ្ធីវុធ ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សាគណៈទន្តពេទ្យជាតិ, លោកវេជ្ជបណ្ឌិត គាន់ ឆេង តំណាងប្រធានមន្ទីរសុខាភិបាល និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត រួមទាំងទន្ដពេទ្យជាច្រើនរូបមកពីខេត្តកំពត កែប ព្រះសីហនុ កោះកុង និងតាកែវ។

ឆ្លៀតក្នុងឱកាសនោះ លោកទន្តបណ្ឌិតឯកទេស ប៉ូច សុភារ័ត្ន បានអំពាវនាវដល់សហភាតរៈអ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រទាំងអស់ ដែលមិនទាន់មានអាជ្ញាបណ្ណវិជ្ជាជីវៈ រួសរាន់ចុះបញ្ជិកា ស្នើសុំអាជ្ញាបណ្ណឱ្យបានគ្រប់គ្នា ដើម្បីមាននីតិសម្បទាគ្រប់គ្រាន់ អាចប្រកបវិជ្ជាជីវៈទន្តសាស្ត្រស្របច្បាប់។

លោកទន្ដបណ្ឌិតឯកទេសបានបន្ដថា ទន្តពេទ្យដែលប្រកបវិជ្ជាជីវៈទន្តសាស្រ្តទាំងអស់ត្រូវគោរពក្រមសីលធម៌ទន្តពេទ្យ និងត្រូវស្វែងយល់ពីឯកសារគតិយុត្តនានា ពិសេសច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ដែលមានចែងពីទោសទណ្ឌផ្សេងៗ ។ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីលុបបំបាត់សេវាខុសច្បាប់ សេវាដែលផ្តល់ដោយអ្នក ដែលគ្មានសញ្ញាបត្រទទួលស្គាល់ដោយក្រសួងសុខាភិបាល ឬក្រសួងអប់រំ យុវជន និងកីឡា។ ជាពិសេសត្រូវផ្តល់ការព្យាបាល ជូនប្រជាពលរដ្ឋដោយផ្អែកលើលក្ខណៈវិទ្យាសាស្ត្រ គុណធម៌ សមធម៌ និងគិតពីសុខមាលាភាពប្រជាពលរដ្ឋជាចម្បង។

លោកប្រធានគណះទន្តពេទ្យក៏បានលើកឡើងថា ចំពោះបទដ្ឋាន និងនិយាមវិជ្ជាជីវៈ គឺមានគោលបំណងសំខាន់៤ រួមមាន៖

១៖ បង្ហាញទៅសាធារណជននូវកម្រិតអប្បបរមា នៃការពិនិត្យព្យាបាល ថែទាំសុខភាព មាត់ធ្មេញមានគុណភាព និងសុវត្ថិភាព។
២៖ ជាឧបករណ៍សម្រាប់ពិនិត្យតាមដាន និងវាយតម្លៃការប្រកបវិជ្ជាជីរៈទន្តសាស្ត្រ។
៣៖ ផ្តល់ការបង្ហាញផ្លូវក្នុងការរៀបចំកម្មវិធីសិក្សាផ្នែកទន្តសាស្ត្រ។
៤៖ ប្រើប្រាស់ជាគម្រោងការក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្ត។

បទដ្ឋាន និងនិយាមវិជ្ជាជីវៈ ជាឯកសារគតិយុត្តិសម្រាប់ដឹកនាំ និងការគ្រប់គ្រងការប្រកបវិជ្ជាជីវៈ ដែល ពិពណ៌នាអំពីកម្រិតអប្បបរមា នៃការប្រតិបត្តិដែលអាចទទួលយកបានរបស់អ្នកប្រកបវិជ្ជាជីវៈ ជាខ្នាតវាស់វែងសម្រាប់ទន្តពេទ្យម្នាក់ៗ ប្រើប្រាស់ក្នុងការវាយតម្លៃលើ ការប្រតិបត្តិរបស់ខ្លួនផងដែរ៕