(កោះកុង)៖ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ ជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង និងលោកស្រីហ៊ឹម ច្រឹប តំណាងលោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញប្រគេនទេយ្យទាន និងទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន៤វត្ត ស្ថិតនៅស្រុកបទុមសាគរ ខេត្តកោះកុង ដោយទី១ វត្តពោធិរង្សី (កណ្ដោល), ទី២ វត្តគិរីបូទុម (តាអុក), ទី៣ វត្តចន្ទមុនីរាម (អណ្ដូងទឹក) និងទី៤ វត្តគិរីមាលីជលធម្មទស្សនា (ភ្នំត្រង៉ោល)។
ពិធីប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃចំនួន៤វត្តនៅខេត្តកោះកុងនេះ ក៏មានការចូលរួម លោក ចា វ៉ាន់ឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី លឹម ពេជ្រសា លោកស្រី គឹម វុឌ្ឍាវី ព្រមទាំងអាជ្ញាធរដែនដីប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានថ្លែងថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ជាក់ស្តែងកាល ពីសម័យសង្គ្រាម ព្រះពុទ្ធសាសនាត្រូវបាន ប៉ុល ពត បំផ្លាញគ្មានសល់ ហើយប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់ ក៏មិនមានឱកាសបានធ្វើបុណ្យជួបជុំគ្នាដូចសព្វថ្ងៃនេះដែរ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាចរន្តដ៏ប្រសើរថ្លៃថ្លានាំមកនូវការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងជាមាគ៌ានាំមកនូវសង្គម និងប្រជាជាតិទាំងមូល ឲ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ទៀតផងដែរ។
លោក មាស ប៊ុនឡី បានបន្តទៀតថា ទៀនព្រះវស្សា និងទេយ្យទានជាច្រើន ដែលយកមកវេរប្រគេនដល់ព្រះសង្ឃនាពេលនេះ គឺដើម្បីគោរពទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ដែលជាពុទ្ធឱវាទ និងដើម្បីជួយសំរាលការលំបាករបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សាអស់ត្រីមាស នៅទីវត្តអារាម ដែលក្នុងរយៈពេលនោះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ។
លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី ក៏បានគូសបញ្ជាក់ថា ក្នុងឱកាសព្រះសង្ឃចូលកាន់ព្រះវស្សារយៈពេល៣ខែនេះ គឺជាពេលវេលាមួយយ៉ាងសំខាន់ សម្រាប់ព្រះសង្ឃមានឱកាសគ្រប់គ្រាន់ ក្នុងការសិក្សា រៀនសូត្រ នូវធម៌វិន័យ របស់ព្រះសម្មាសាម្ពុទ្ធ ដោយប្រើប្រាស់នូវពន្លឺភ្លើងទានវស្សានេះ ទៅដុតបំភ្លឺមើលគម្ពីរព្រះត្រៃបិដក និងបូជាថ្វាយដល់ព្រះគុណ ព្រះរតនត្រ័យផងដែរ។
លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងលោកស្រី ហុឹម ច្រឹម ព្រមទាំងក្រុមការងារបានប្រគេនបច្ច័យ ក្នុងមួយវត្តៗចំនួន២,០០០,០០០រៀល ដែលសរុបបច្ច័យទាំង៤វត្តអស់ចំនួន៨,០០០,០០០រៀលផងដែរ៕