(ភ្នំពេញ)៖ យុទ្ធនាការសៀវភៅមួយសហគមន៍មួយ (OBOC) បានប្រកាសបើកបេសកកម្ម ២៥ថ្ងៃ ២៥ខេត្តក្រុង ក្រោមប្រធានបទ៖ «២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍» ដែលយុទ្ធនាការនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
បេសកកម្ម២៥ថ្ងៃ ២៥ខេត្តក្រុង នឹងធ្វើការបែងចែកជា៥ ខ្សែរខុសៗគ្នា ដើម្បីចែកសៀវភៅចំនួន ២៥,០០០ក្បាល ទៅដល់សហគមន៍នានា រួមទាំងស្វែងរកជើងឯកអំណានប្រចាំតំបន់ ដើម្បីប្រកួតប្រជែងស្វែងរកជើងឯកបំបែកជើងឯក នៅរាជធានីភ្នំពេញផងដែរ។ បេសកកម្មនេះ រំពឹងមានអ្នកចូលរួមប្រហែល ២,៥០០នាក់ ដែលរួមមានយុវជន អ្នកនិពន្ធ សហគ្រិន និងដៃគូសហការលើផ្លូវដ៏វែងឆ្ងាយប្រមាណ ៣,០០០ គីឡូម៉ែត្រជុំវិញប្រទេស។
ខ្សែរទី១ នឹងបាញ់ឆ្ពោះទៅទិសភាគពាយ័ព្យ មានខេត្តកំពង់ឆ្នាំង ពោធិ៍សាត ប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ខ្សែរទី២ នឹងបាញ់ឆ្ពោះទៅទិសឧត្តរ មានខេត្តកំពង់ធំ ខេត្តសៀមរាប ព្រះវិហារ និងឧត្តរមានជ័យ។ ខ្សែរទី៣ បាញ់ឆ្ពោះទៅទិសអាគ្នេយ៍ មានខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។ ខ្សែរទី៤ បាញ់ឆ្ពោះទៅទិសនិរតី មានខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ កោះកុង កែប និងតាកែវ និងខ្សែរទី៥ បន្តបាញ់ឆ្ពោះទៅទិសឦសាន មានខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី និងខេត្តមណ្ឌលគីរី។
លោកស្រី ហ៊ាង វត្ថី សហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយ បង្ហាញក្តីសង្ឃឹមថា បេសកកម្មនេះ គឺជាផ្នែកមួយជំរុញវប្បធម៌ការអានតាមសហគមន៍ ពង្រឹងបន្ថែមនូវធនធានមនុស្ស នៅក្នុងសង្គមកម្ពុជាឱ្យកាន់តែប្រសើរជាងមុន។
លោកស្រីរំពឹងជឿជាក់ថា ក្រោយចប់សកម្មភាពជំរុញការអាន និងបណ្តុះវប្បធម៌ថ្លៃថ្នូររបស់យើងក្នុងពេលនេះ វានឹងមានភាពសកម្ម និងឯករាជ្យក្នុងការជំរុញឱ្យសហគមន៍ទាំងនោះ អាចរៀបចំសកម្មភាពនានាបានដោយខ្លួនឯង នៅសហគមន៍ពួកគេ ជាពិសេសឱ្យយុវជនកាន់តែស្រឡាញ់អក្សរសាស្ត្រ អក្សរសិល្ប៍ និងវប្បធម៌ខ្មែរ។
យុទ្ធនាការសៀវភៅមួយសហគមន៍មួយ គឺជាយុទ្ធនាការមួយ ដែលមានសកម្មភាពបណ្តុះវប្បធម៌អាន និងការរៀនសូត្រឯករាជ្យតាមរយៈកម្មវិធីចំនួន៥ រួមមាន ១៖កម្មវិធីប្រកួតអំណាន ២៥ខេត្តក្រុង និងជើងឯកបំបែកជើង ឯកនៅរាជធានីភ្នំពេញ ២៖ កម្មវិធីចែកសៀវភៅ ៣៖ កម្មវិធីបណ្ណាល័យចល័ត ៤៖ កម្មវិធីអភិវឌ្ឍបណ្ណាល័យ និង ៥៖ សិក្ខាសាលាចែករំលែកចំណេះដឹង។
លោក ជា តុងហ៊ួរ សហគ្រិនវ័យក្មេង និងជាអ្នកនិពន្ធសៀវភៅ បានឱ្យដឹងដែរថាមូលហេតុដែលលោកចូលរួមយុទ្ធនាការរបស់សៀវភៅមួយ សហគមន៍មួយ ព្រោះលោកចង់លើកកម្ពស់ការអានតាមសហគមន៍ យុវជននិងក្មេងៗជំនាន់ក្រោយ។ លោកចង់លើកទឹកចិត្តអ្នកនិពន្ធឱ្យនិពន្ធនិងចងក្រងសៀវភៅល្អៗ សម្រាប់ប្រជាជនកម្ពុជា។
លោកបានបន្តថា លោកក៏ចង់ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជាជនទាំងអស់ ងាកមកកាន់សៀវភៅអាន ព្រោះការអានវាល្អ និងសំខាន់សម្រាប់មនុស្សម្នាក់ៗ សង្គមជាតិមួយពិតជាត្រូវការ។ ប្រជាជនអ្នកមានចំណេះ និងមានធនធាន ជាពិសេសចំណេះដឹងកើតចេញពីការអាន អានកាន់តែច្រើនយល់កាន់តែច្រើន ចេះកាន់តែច្រើន ជួយខ្លួនឯង ជួយគ្រួសារ ជួយប្រទេសជាតិផងដែរ។
លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណាល័យកម្ពុជា និងជានាយកអង្គការស៊ីប៉ា (Sipar) យល់ថា សៀវភៅមួយសហគមន៍មួយ ជាសកម្មភាពមួយល្អ ជាគំរូរបស់យុវជនយើង ដែលព្យាយាមយកសៀវភៅទៅដល់ជនបទ។ បញ្ហានៅកម្ពុជាយើង គឺសៀវភៅមិនបានទៅដល់ដៃមនុស្សគ្រប់ស្រទាប់វណ្ណៈនៅគ្រប់ទិសទីទេ ហើយគំនិតរបស់ប្អូនៗ ពាក់ព័ន្ធនឹងការធ្វើយ៉ាងណាយកសៀវភៅឱ្យបានទៅដល់សហគមន៍ ឬទីជនបទ ទោះក្នុងរូបភាពណាក៏ដោយ គឺជាសកម្មភាពមួយល្អ ហើយជាការចូលរួម ចំណែកយ៉ាងសកម្មមួយក្នុងការអភិវឌ្ឍការអាន និងការលើកស្ទួយចំណេះដឹងនៅកម្ពុជា។
គូរបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះ យុទ្ធនាការសៀវភៅមួយសហគមន៍មួយ បានចូលរួមគាំទ្រដល់សហគមន៍ ដោយបានចូលរួមគាំទ្របណ្ណាល័យសហគមន៍ជាង៤០កន្លែង ខណៈការចែកសៀវភៅ បានជាង១ម៉ឺនក្បាលនៅទូទាំងប្រទេស៕