(ក្រចេះ)៖ កម្លាំងរដ្ឋបាលជលផលខេត្តក្រចេះ បានបើកប្រតិបត្តិការបង្ក្របបទល្មើស លើផ្ទៃទន្លេមេគង្គស្ថិតក្នុងភូមិសាស្ដ្រស្រុកសំបូរ នាយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ដឹកនាំដោយលោក ម៉ក ពន្លក នាយរដ្ឋបាលជលផលក្រចេះ។
ប្រតិបត្តិការនេះ ដោយមានកិច្ចសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំបុក ថ្មគ្រែ ព្រមទាំងសហគមន៍នេសាទសំបុក និងព្រែកគ្រៀង ប្រើប្រាស់ទូកម៉ាសុីនចំនួន៤គ្រឿង។ ក្នុងនោះបានចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទតាមដងទន្លេមេគង្គ កន្លែងគ្រប់គ្រង និងការពារសត្វផ្សោត អន្លង់កាំពី ជ្រោយបន្ទាយ និងវឌ្ឍនៈ លើយន្តការ២៤ម៉ោង។
ក្នុងនោះ តំបន់ទ្រនាប់ ដកហូតមងដាក់ក្នុងអន្លង់បានចំនួន៥ត្បូង ប្រវែង១,៥០០ម៉ែត្រ, ក្រឡាពី០៥សមដល់១៣សម នៅចំណុចរាំងអោន ភូមិ-ឃុំវឌ្ឍនៈ ស្រុកសំបូរ ហើយយកទៅរក្សាទុកនៅប៉ុស្តិ៍ឆ្មាំកាំពី៕