(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន និងជាប្រធានក្រុមការងារទី២ បានជំរុញអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ចៀសវាងការចាញ់បោកមេខ្យល់សំណាកស្រុកខុសច្បាប់ទៅកាន់ប្រទេសថៃ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត នៃក្រុមការងារទី២ របស់គណៈកម្មការចំពោះកិច្ចនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត លោក សៀក សុជាតិ បានណែនាំដល់អាជ្ញាធរ ត្រូវពន្យល់អំពីភូមិសាស្ដ្រព្រំដែនរវាងកម្ពុជា-ថៃ ដែលអាចបង្កគ្រោះថ្នាក់ នៅពេលពលរដ្ឋលួចឆ្លងដែនខុសច្បាប់។
បន្ថែមពីនេះ លោក សៀក សុជាតិ បានក្រើនរំលឹកអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្ថែមល្បឿនការងាររបស់ខ្លួន ដើម្បីបម្រើសេវាឲ្យទាន់ពេល និងល្អ ចៀសវាងការឃុបឃឹតជាមួយអ្នករត់ការក្រៅផ្លូវការ ក៏ដូចជាធ្វើការសម្របសម្រួលជាមួយភាគីថៃ ដើម្បីសម្រួលដំណើរចេញចូលរបស់ពលករខ្មែរ និងសាធារណជន និងការផ្ដល់បណ្ណព្រំដែនជាដើម ដើម្បីកុំឲ្យមានការកកស្ទះ។
លោកបន្ដថា សមត្ថកិច្ចឈរជើងតាមច្រកទ្វារព្រំដែន ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលដល់ដំណើចេញ-ចូលរបស់ពលករខ្មែរតាមបណ្ដារច្រកទ្វារព្រំដែនឲបានឆាប់រហ័សទាន់ពេលវេលា និងស្របច្បាប់។ បន្ថែមពីនេះ ចាត់វិធានការដើម្បីពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅតាមច្រកទ្វារព្រំដែន និងបញ្ឈប់ជាបន្ទាន់នូវការយកកម្រៃក្រៅផ្លូវការពីពលករ។
លើសពីនេះ ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបសកម្មភាពមេខ្យល់ និងអ្នកឃុបឃិតដែលអូសទាញពលករឲឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព ហើយអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមច្រកទ្វារព្រំដែន ត្រូវសហការសម្របសម្រួលជាមួយអាជ្ញាធរថៃ ដើម្បីបង្កភាពងាយស្រួលដល់ដំណើចេញ-ចូលរបស់ពលករខ្មែរស្របច្បាប់៕