(ភ្នំពេញ)៖ លោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានស្នើដល់អ្នកស្នេហាជាតិពិតប្រាកដ កុំជឿតាមការឃោសនាអកុសលពីពួកស្នេហាជាតិតាមរដូវកាល ត្បិតគោលដៅពិតប្រាកដរបស់ពួកគេ គឺបោកប្រាស់ទឹកចិត្តស្រឡាញ់ជាតិរបស់អស់លោកអ្នក។
តាមរយៈសំណេរលើ Facebook នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ លោក សូ ណារ៉ូ បានបញ្ជាក់ទាំងស្រុងថា៖
កុំធ្វើជាអ្នកស្នេហាជាតិលើសគេតែម្នាក់ឯងពេក!
រឿង CLV កើតមករយៈពេល២៥ឆ្នាំកន្លងមកហើយ។ បើពិតជាមានកាត់ទឹកដី ឬបាត់ដី គឺវាបាត់ក្នុងរយៈពេល២៥ឆ្នាំកន្លងមកហើយ មិនបាច់រង់ចំអស់លោកអ្នកស្នេហាជាតិទើបតែភ្ញាក់ពីដំណេកមកតវ៉ានៅពេលនេះទេ។ នេះបានចំជាអ្នកស្នេហាជាតិតាមរដូវកាល។
សូមបញ្ជាក់ប្រាប់អស់លោកស្នេហាជាតិដែលទើបភ្ញាក់ពីដំណេកថា បើពិតជារាជរដ្ឋាភិបាលកាត់ដី៤ខេត្តឱ្យបរទេសមែននោះ អ្នកដែលមិនសុខចិត្ត និងក្រោកឡើងប្រឆាំងមុនគេនោះ គឺប្រជាជនកម្ពុជាចំនួនកន្លះលាននាក់កំពុងរស់នៅក្នុងខេត្តទាំង៤នៃតំបន់ឥសាន្ត ត្បិតទីនេះគឺជាទឹកដីដែលគេកំពុងរស់នៅដោយផ្ទាល់ មិនមែនរង់ចាំដល់អស់លោកទើបភ្ញាក់ពីដំណេកមកបំផុសបំផុលឱ្យងើបឡើងនាពេលនេះទេ។
ឬមួយអស់លោកអ្នកស្នេហាជាតិទើបភ្ញាក់ពីដំណេកទាំងនេះយល់ថា ប្រជាជនខ្មែរចំនួនកន្លះលាននាក់កំពុងរស់នៅខេត្តភាគឥសាន្តទាំង៤គឺ មណ្ឌលគីរី រតនៈគីរី ស្ទឹងត្រែងក្រចេះ ថាមិនមែនជាខ្មែរអ្នកស្នេហាជាតិ ? ទើបអង្គុយនៅស្ងៀមសុខចិត្តឱ្យរាជរដ្ឋាភិបាលកាត់ដីឱ្យបរទេស រួចសុខចិត្តរស់ក្រោមនឹមបរទេស ? សូមកុំតាំងខ្លួនជាអ្នកស្នេហាជាតិតែម្នាក់ឯងពេក ទុកឱ្យគេស្រឡាញ់ជាតិខ្មែររបស់គេផង។ តែបើនៅតែខ្វល់ខ្វាយសូមអញ្ជើញទៅទស្សនាដោយខ្លួនឯងទៅ ថាតំបន់ឥសាន្តពីមុនដីហុយត្រលោម បែកភក់រអិល ឆ្ងាយដាច់ស្រយ៉ាល គ្មានការអភិវឌ្ឍន៍នោះ ពេលនេះប្រែមុខមាត់រីកស្រស់បំព្រងយ៉ាងណា ?
សូមបងប្អូនដែលស្រឡាញ់ជាតិពិតប្រាកដដ៏បរិសុទ្ធកុំជឿតាមការឃោសនាអកុសលពីពួកស្នេហាជាតិតាមរដូវកាល ត្បិតគោលដៅពិតប្រាកដរបស់ពួកគេគឺបោកប្រាស់ទឹកចិត្តស្រឡាញ់ជាតិរបស់អស់លោកអ្នកដើម្បីជម្រុញឱ្យផ្តួលរំលំរាជរដ្ឋាភិបាលតាមវិធីហឹង្សានិងខុសច្បាប់ ដើម្បីប្លន់យកអំណាចរដ្ឋតែប៉ុណ្ណោះ។ បើយកបានអំណាចដោយខុសច្បាប់ពួកអ្នកនយោបាយកំសាករត់ចោលស្រុកទាំងនោះនឹងសុីឡាក ត្រឡប់មកកាន់អំណាចដោយស្រួល។ តែបើការប្លន់អំណាចបរាជ័យ អ្នកដែលរងគ្រោះជាប់ទោសទណ្ឌវេទនា គឺប្រជាជនស្លូតត្រង់ដែលចាញ់បោកអ្នកនយោបាយទុច្ចរិតដ៏កំសាក ក្លាហានបានតែមាត់ទាំងនោះជាមិនខាន។
សូមកុំឱ្យគេបោកប្រាស់ទឹកចិត្តស្នេហាជាតិដ៏បរិសុទ្ធរបស់យើងដើម្បីគេប្តូរយកអំណាចដោយហឹង្សាដែលប្រវត្តិសាស្រ្តជ្រាំដែលៗកើតឡើងជាច្រើនដងមកហើយ ដែលរហូតដល់ខ្មែរធ្លាក់ក្នុងរណ្តៅមរណៈប្រល័យពូជសាសន៍ជាតិឯងស្លាប់មនុស្សជាង៣លាននាក់ក៏ដោយសារតែគំនិតស្នេហាជាតិជ្រុលនិយមដ៏ហឹង្សា និងអនាធិបតេយ្យទាំងនោះ៕