(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក លីន ញ៉ក់ អភិបាលរងខណ្ឌដូនពេញ តំណាង លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គ
បណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និង ច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន នៅសាលប្រជុំ ជាន់ទី៧ នៃសាលាខណ្ឌដូនពេញ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើង ដោយមានការអញ្ជើញចូលរួមដោយ ក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ នាយករដ្ឋបាលខេត្ត នាយករងរដ្ឋបាល ប្រធាន អនុប្រធានការិយាល័យចំណុះមន្រ្តីសាលាខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ នាយបុស្តិ៍នគរបាលទាំង១១ ចៅសង្កាត់ទាំង១១ ក្រុមប្រឹក្សាសង្កាត់ ព្រមទាំងថ្នាក់ដឹកនាំភូមិទាំងអស់នៅក្នុងខណ្ឌដូនពេញ និងក្រុមការងាររៀបចំគម្រោងមេធាវីដល់មូលដ្ឋាន សរុបចំនួន ២៥០នាក់។

លោក លីន ញ៉ក់ បានថ្លែងអំណរគុណ ប្រធានគណៈមេធាវី ដែលបានជ្រើសរើសយកខណ្ឌដូនពេញ ធ្វើការផ្សព្វផ្សាយពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន ជាពិសេសគឺការផ្សព្វផ្សាយអំពីសេវាមេធាវីការពារក្តីជូនជនក្រីក្រដោយមិនគិតកម្រៃ។ និងសំណូមពរឱ្យសមាជិកដែលចូលរួមទាំងអស់ យកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមគ្រូបង្គោលរបស់គណៈមេធាវី ដើម្បីជាប្រយោជន៍ក្នុងការយកទៅអនុវត្តនៅក្នុងកិច្ចការងាររបស់ខ្លួន។

ក្រោមការផ្តួចផ្តើមដោយ លោកប្រធានគណៈមេធាវីកម្ពុជា, យុទ្ធនាការអនុវត្តគម្រោងមេធាវីដល់មូលដ្ឋានបានចាប់ផ្តើមពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលា ខណ្ឌទួលគោក។ គិតមកដល់ថ្ងៃនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចុះអនុវត្ត គម្រោងមេធាវី ដល់មូលដ្ឋាន បាន ៨ មូលដ្ឋានស្រុកខណ្ឌទូទាំងប្រទេស ដែលមានសិក្ខាកាមសរុបចំនួន ប្រមាណ ១៨៩៤ នាក់ ។
 
ចំនួនសិក្ខាកាមតាម មូលដ្ឋានស្រុកខណ្ឌទូទាំងប្រទេសរួមមាន៖

- ខណ្ឌទួលគោក រាជធានីភ្នំពេញ៖ ៣០០ នាក់
- ខណ្ឌដូនពេញ រាជធានីភ្នំពេញ៖ ២៥០ នាក់
- ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៖ ៣០០ នាក់
- ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ៖ ២៤៤ នាក់
- ក្រុងសំរោង ខេត្តឧត្តរមានជ័យ៖ ២៥០ នាក់
- ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៖ ២៧០ នាក់
- ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៖ ១៤៩ នាក់
- ក្រុងប៉ៃលិន ខេត្តប៉ៃលិន៖ ១៣១ នាក់។

សូមបញ្ជាក់ផងដែរថា គម្រោងមេធាវីដល់មូលដ្ឋានត្រូវបានផ្តួចផ្តើមឡើងដោយ លោកប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង៖

-ទី១. ផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី
-ទី២. ផ្សព្វផ្សាយ និងពង្រឹងសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ
-ទី៣. ផ្សព្វផ្សាយអំពីសេវាពិគ្រោះយោបល់ដោយមិនគិតកម្រៃជូនប្រជាពលរដ្ឋ
-និងទី៤. បណ្តុះបណ្តាលអំពីច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី។

ការផ្សព្វផ្សាយផ្ទាល់ជាមួយនឹងមន្រ្តីអាជ្ញាធរមូលដ្ឋាន ដែលជាថ្នាក់ដឹកនាំ នៅក្នុងកម្រិត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាកម្រិត ឃុំសង្កាត់ និងភូមិនេះ នឹងជួយដល់អាជ្ញាធរមូលដ្ឋានបានជ្រាបអំពីសេវាកម្មរបស់គណៈមេធាវី ក៏ដូចជាកិច្ចការងារ ដែលគណៈមេធាវីបានធ្វើកន្លងមក ជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសគឺជាការចូលរួមចំណែកក្នុងការអនុវត្ត យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈការស្នើសុំរបស់គណៈមេធាវី គម្រោងមេធាវីដល់មូលដ្ឋាននេះ បានទទួលគោលការណ៍អនុញ្ញត និងគាំទ្រក្នុងការអនុវត្តគម្រោងនេះដល់មូលដ្ឋាន ពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងទទួលបានការជួយសម្រួលនិងកិច្ចសហការយ៉ាងជិតស្និតពី សំណាក់រដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងព្រមទាំងមេធាវីជាគ្រូបង្គោលនិងប្រតិភូគណៈមេធាវីរាជធានីខេត្ត៕