(ព្រះសីហនុ)៖ ស្រ្តីម្នាក់ឈ្មោះ រ៉ែម ផលចាន់លី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិស្រែជើងរាស្រ្ត ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមន្ត្រីនគរបាលម្នាក់ឈ្មោះ ឡាយ ម៉េងឡាំង សក្តិ៤កន្លះ បានអះអាងថាខ្លួនជាមេព្រហ្មទណ្ឌកំរិតស្រាលមកពីខេត្តកោះកុងនាពេលបច្ចុប្បន្ននេះកំពុងតែដឹកនាំបក្ខពួកជាច្រើនមកកាប់ព្រៃ រួចដាំដើមស្វាយ បោះបង្គោល ព័ទ្ធបន្លាលួស រំលោភយកដីរដ្ឋជាច្រើនហិចតា ដោយបោះតង់ឈរជើងនៅតំបន់ ពយម៉ាចូវ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុយ៉ាងអនាធិបតេយ្យ ។ បើទោះបីជាដីតំបន់នេះ ត្រូវបានរដ្ឋដកយកមកគ្រប់គ្រងជាតំបន់គំរបព្រៃឈើរការពារដោយអនុក្រឹត្យតាំងពីឆ្នាំ ២០០២មកក៏ដោយ ។
មជ្ឈដ្ឋាននានារួមទាំងអង្គការសង្គមស៊ីវិលបានប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើនេះ ប៉ុន្តែស្រ្តីរូបនេះមិន ខ្លាចជំនាញ ឬអាជ្ញាធរឡើយ បើទោះបីជាលោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានដាក់ស្នាក់ការសង្កេតការណ៍ នៅតំបន់នេះក្តី ដែលទំនងជាស្រ្តីរូបនេះអាងប្តីដែលជាឧត្តមសេនីយ៍ផ្កាយ២នៅក្រសួងការពារជាតិឈ្មោះ កង ភិរុណ ផ្នែកអធិការកិច្ច ដែលមានវត្តមានឈរកាងប្រចាំការស្ទើរ២៤ម៉ោងក្នុងតំបន់នោះជាខ្នងបង្អែកយ៉ាងរឹងមាំរបស់ខ្លួនហើយ មើលទៅ ។
ចំណែកលោក ឡាយ ម៉េងឡាំង មេព្រហ្មទណ្ឌខេត្តកោះកុងក៏មិនធម្មតាដែរ ដោយបានដើរចោលអង្គភាពនៅឯខេត្តកោះកុងឯណោះ នៅពេលថ្មីៗនេះគេឃើញវត្តមានរបស់គាត់ជាច្រើនថ្ងៃបាននាំបក្សពួកមកចាប់យកដីរដ្ឋជាច្រើនហិចតាដោយបោះបង្គោលថ្មរ យ៉ាងរលូនផងដែរ ដោយគ្មានអ្នកណាហ៊ានធ្វើអ្វីគាត់នោះឡើយ បើទោះបីជាមានស្នាក់ការសង្កេតការណ៍នៅជាប់នោះក៏ដោយ ។ ដែលប្រការនេះ គេគ្រប់គ្នាបានដាក់ការសង្ស័យថា គាត់អាចជាសាច់ញាតិរបស់ថ្នាក់ដឹកនាំខេត្តដែលទើបតែផ្លាស់មកពីខេត្តកោះកុងដូចគ្នា ហើយមើលទៅ ។
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើរខេត្តព្រះសីហនុ កន្លងមកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដីនៅតំបន់ ពយម៉ាចូវនេះគឺជាដីរដ្ឋ ដូច្នេះនរណាក៏ដោយ ក៏មិនអាចមកទិញលក់ដូរ ឬចាប់យកដីនៅតំបន់នេះយកមកធ្វើជាកម្មសិទ្ធិ បានឡើយ ។ ជាងនេះទៅទៀតលោកបានថ្លែងថា ប្រសិនជាមាននរណាម្នាក់ហ៊ានរំលោភយកដីរដ្ឋនេះ ប្រាកដជា ប្រឈមចំពោះមុខច្បាប់មិនខានឡើយ ។
ជុំវិញបញ្ហាប្រជាពលរដ្ឋ អង្គការ សង្គមស៊ីវិល រួមនិងមន្រ្តីរាជការ សំនូមពរថ្នាក់ដឹកនាំអភិបាលខេត្តព្រះសីហនុមេត្តាចាត់ វិធានការណ៍សមស្របណាមួយអោយទាន់ពេលវេលា ទៅលើបុគ្គលទាំងពីរនាក់នេះ ដើម្បីការពារព្រៃ និងដីរដ្ឋនៅតំបន់ នេះដើម្បីទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗផង ៕